ក្រុមហ៊ុន សុខាអូតែល បានកំពុងសាងសង់ព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំបំផុតនៅកម្ពុជា និងខ្ពស់បំផុតក្នុងចំណោមព្រះពុទ្ធបដិមានៅទូទាំងអាស៊ីអាគ្នេយ៍ នៅលើខ្នងភ្នំបូកគោ ដែលរហូតមកទល់នឹងពេលនេះ សម្រេចការសាងសង់បានប្រហែល ៣០ភាគរយហើយ។ ក្រុមហ៊ុន សុខា អូតែល បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសាងសង់ព្រះពុទ្ធប្បដិមាដែលមានកម្ពស់រហូតដល់ ១០៨ម៉ែត្រ។

ទីឋានសក្ការៈដ៏ធំស្កឹមស្កៃមួយនេះ ស្ថិតនៅលើកំពូលភ្នំបូកគោ នៃឧទ្យានជាតិព្រះមុនីវង្ស នឹងក្លាយជាតំបន់ទេសចរណ៍បែបសាសនាសម្រាប់ពុទ្ធបរិស័ទក្នុងស្រុក និងភ្ញៀវទេសចរទូទាំងពិភពលោក។

ព្រះពុទ្ធបដិមាកម្ពស់ ១០៨ ម៉ែត្រនេះ ត្រូវបានចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់ កាលពីខែមករា ឆ្នាំ ២០២៣ និងចំណាយពេលរយៈពេល ៤ឆ្នាំ នៅលើផ្ទៃប្រមាណជាង ៩០ហិកតា ស្ថិតនៅលើខ្នងភ្នំបូកគោ ក្នុងភូមិសាស្ត្រវាលស្រែ ៥០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» បែរព្រះភក្ត្រទៅទិសខាងកើត។ ចំពោះខឿនផ្ទាល់ដីមានបណ្តោយ ២៤៨ម៉ែត្រ ទទឹង ១៨៦ម៉ែត្រ មានជណ្តើរធំចំនួន ៤ អមដោយបង្កាន់ដៃនាគ ដែលតំណាងឱ្យទិសធំៗទាំង ៤ យកតាមលំនាំរចនាប័ទ្មអង្គរវត្ដ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ សតវត្សរ៍ទី១២។

លោក ប្រិញ សាវុធ ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនសុខាអូតែល បានលើកឡើងថា ក្រុមហ៊ុន បានផ្តល់ឱកាសសម្រាប់សប្បុរសជន ដែលមានសទ្ធាជ្រះថ្លា ចង់ភ្ជាប់និស្ស័យក្នុងការកសាងព្រះពុទ្ធប្បដិមាសម្រាប់អង្គធំ អាចចូលរួមជាបច្ច័យតាមសទ្ធារៀងៗខ្លួន ឬអាចជាវព្រះពុទ្ធរូបអង្គតូចៗ ដើម្បីដាក់តម្កល់នៅតាមជញ្ជាំងខាងក្នុងខឿន ដែលអាចចារឹកឈ្មោះសប្បុរសជនផ្ទាល់ ឬឈ្មោះអ្នកមានគុណនៅខាងមុខបល្ល័ង្ក។ លោក ប្រិញ សាវុធ បន្តថា រហូតមកទល់នឹងពេលនេះ មានសប្បុរសជន បានជាវព្រះពុទ្ធរូបតូចៗ សម្រាប់ដាក់តម្កល់លើជញ្ជាំងនៅក្នុងខឿន ប្រមាណជាង ១.០០០អង្គហើយ។
គម្រោងសាងសង់នេះ គឺមានព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ មួយព្រះអង្គគង់នៅលើខឿន អមដោយព្រះពុទ្ធូបចំនួន ១២អង្គ គង់ក្នុងបុស្បុក និងក្រៅពីនេះ ក៏មានព្រះពុទ្ធរូបតូចៗប្រមាណ ៨៤.០០០អង្គ ដាក់តម្កល់នៅតាមជញ្ជាំងខាងក្នុងខឿនក្រោមព្រះពុទ្ធប្បដិមាអង្គធំ ដែលកំពុងសាងសង់នេះ នឹងត្រូវចំណាយថវិកាសរុបប្រមាណ ៦០លានដុល្លារអាមេរិក។

គោលបំណងនៃការសាងសង់ ព្រះពុទ្ធបដិមាដ៏ធំនៅលើភ្នំបូកគោនេះ គឺដើម្បីជាទីសក្ការៈបូជា សម្រាប់ប្រជាពលរដ្ឋខ្មែរក៏ដូចជាឧទ្ទិសនូវសេចក្តីសុខសេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ដល់ប្រជាពលរដ្ឋទាំងអស់។
ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះ ក៏ជាការរួមចំណែកទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌។ ជាពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកាន់តំបន់នេះបានច្រើនកុះករ និងផ្តល់នូវប្រភពចំណូលយ៉ាងច្រើនពីភ្ញៀវទេសចរទាំងនោះ។
គួរបញ្ជាក់ថា ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងទាំងក្នុងវិស័យ ទេសចរណ៍ បរិស្ថាន បេតិកភណ្ឌ ជំនឿ ក៏ដូចជា ប្រវត្តិសាស្ត្រជាដើម ដែលស្ថិតក្នុង តំបន់ការពារធនធានធម្មជាតិ របស់ក្រសួងបរិស្ថាន ខណៈរមណីយដ្ឋាន ដ៏ពិសិដ្ឋមួយនេះ គឺជាទីទស្សនា ដ៏ចំណាស់ជាងគេមួយ នៅប្រទេសកម្ពុជាបច្ចុប្បន្ន បានទាក់ទាញភ្ញៀវទេសចរ ឱ្យចូលមកទស្សនាច្រើនជាហូរហែ៕