ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

ពិព័រណ៍និងវេទិកាពិភាក្សានេះ ធ្វើឡើងដើម្បីបំផុសស្មារតីជាតិនិយម ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យបានកាន់តែខ្លាំងក្លាឡើងថែមទៀត ក្នុងចំណោមគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកទទួលទាន និងអ្នកប្រើប្រាស់។ ពិព័រណ៍និងវេទិកាពិភាក្សារយៈពេល២ថ្ងៃនេះ ក៏នឹងផ្ដល់ឱកាសភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតនិងអ្នកទទួលទិញ ព្រមទាំងបំផុសការពិភាក្សាអំពីការប្រើប្រាស់កសិផលក្នុងស្រុកសម្រាប់ផ្គត់ផ្គង់នៅក្នុងពិធីបុណ្យផ្សេងៗ។

តាមរយៈសារលិខិតអបអរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៧ ក្រោមប្រធានបទ «ផលិតផលនិងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ ផលិតផល១» សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖«ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវឱ្យពលរដ្ឋគ្រប់រូបចូលរួមគាំទ្រ និងលើកទឹកចិត្តប្រកបដោយភាពម៉ឺងម៉ាត់ ជួយទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម»។

សូមជម្រាបថា ប្រជាពលរដ្ឋ អាចចូលរួមទស្សនាដោយសេរី នៅផ្សារទំនើបជីបម៉ុង ម៉េហ្គាម៉ល ២៧១ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនិងការប្រគំតន្ត្រីរបស់តារាចម្រៀងល្បីៗ។ ការចូលរួមនេះ គឺជាការចូលរួមលើកទឹកចិត្តកសិករខ្មែរ គាំទ្រកសិផលក្នុងស្រុក កាត់បន្ថយការនាំចូល និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ៕
