Thursday, February 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិនិយោគអភិវឌ្ឍន៍តំបន់ទេសចរណ៍ឧទ្យានជាតិបូកគោ អះអាងថា គិតទល់ពេលនេះ ក្រុមហ៊ុនចំណាយទុនអស់ខ្ទង់ ៨០០លានដុល្លារ ខណៈក្រុមហ៊ុនមិនទាន់ទទួលបានប្រាក់ចំណេញមកវិញ

ក្រុងបូកគោ៖ គិតមកទល់ពេលនេះ ការវិនិយោគអភិវឌ្ឍន៍តំបន់តំបន់ទេសចរណ៍ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) បានចំណាយទុនអស់ប្រមាណពី ៧០០ទៅ ៨០០លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនមិនទាន់ទទួលបានប្រាក់ចំណេញមកវិញនៅឡើយទេ។ នេះបើតាមអ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប បានប្រាប់ក្រុមអ្នកសារព័ត៌មាន។

ក្រុមអ្នកសារព័ត៌មានមកពី ៣០ស្ថាប័ន ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា បានជួបសំណេះសំណាលជាមួយ អ្នកឧកញ៉ា សុខ គង់ និងបានផ្តល់បទសម្ភាស នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយពីសក្តានុពលនៃការអភិវឌ្ឍក្រុងបូកគោ។

អ្នកឧកញ៉ា សុខ គង់ បានមានប្រសាសន៍ថា ចាប់តាំងពីក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគអភិវឌ្ឍន៍តំបន់ឧទ្យានជាតិបូកគោ កាលពីឆ្នាំ ២០០៨ រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុនបានចំណាយទុនអស់ពី ៧០០ទៅ ៨០០លានដុល្លារអាមេរិកហើយ ទៅលើការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង ទឹក សណ្ឋាគារលំដាប់ផ្កាយ ៥, គម្រោងសង់លំនៅឋានប្រណិត និងសំណង់អគារផ្សេងៗទៀតដែលបម្រើឲ្យវិស័យទេសចរណ៍នៅតំបន់នេះ។

អ្នកឧកញ៉ា បានបន្តថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមិនល្អ ដែលកំពុងប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍នៅរមណីយដ្ឋានបូកគោទាំងមូល ជាពិសេសទៅលើគម្រោងអភិវឌ្ឍន៍លំនៅឋាន និងដីឡូតិ៍ ក៏ប៉ុន្តែក្រុមហ៊ុននៅតែបន្តធ្វើការអភិវឌ្ឍជាជំហ៊ានៗជាបន្តបន្ទាប់ ហើយនៅពេលសេដ្ឋកិច្ចងើបឡើងវិញ ការអភិវឌ្ឍនឹងដំណើរការល្អឡើងវិញ។

បច្ចុប្បន្នក្រុមហ៊ុន ក៏កំពុងសាងសង់ផ្លូវថ្មីមួយខ្សែទៀត ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ មកកាន់ភ្នំបូកគោ ដែលមានប្រវែងប្រហែល ៦១គីឡូម៉ែត្រ ដែលផ្លូវថ្មីនេះ អាចចំណាយលើការសាងសង់ប្រហែល ៣លានដុល្លារក្នុងមួយគីឡូម៉ែត្រ។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏កំពុងសាងសង់ព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំបំផុតនៅកម្ពុជា និងខ្ពស់បំផុតនៅទូទាំងអាស៊ីអាគ្នេយ៍ នៅលើខ្នងភ្នំបូកគោ មានកម្ពស់ ១០៨ម៉ែត្រ គ្រោងចំណាយថវិកាសរុបប្រមាណ ៦០លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ឧទ្យានជាតិព្រះមុនីវង្ស ឬរមណីយដ្ឋានឋានសួគ៌បូកគោ ត្រូវបានគេចាត់ទុកថា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅខេត្តកំពត ដែលមានទាំងតំបន់ទេសចរណ៍បែបធម្មជាតិ, តំបន់ទេសចរណ៍វប្បធម៌, តំបន់ទេសចរណ៍បែបជំនឿ និងតំបន់ទេសចរណ៍បង្កើតថ្មី ស្ថិតនៅលើជួរភ្នំដំរី ដែលមានផ្ទៃក្រឡា ១៤ម៉ឺនហិកតា ឬ ១៤០០គីឡូម៉ែត្រក្រឡា លាតសន្ធឹងពីខេត្តកំពត ដល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ៕