Thursday, February 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវកម្មលក្ខណៈគ្រួសារតូចៗជាច្រើន ត្រូវការជំនាញ ដើម្បីយកទៅពង្រីកអាជីវកម្ម

ភ្នំពេញ៖ អាជីវកម្មលក្ខណៈគ្រួសារ ជាអាជីវកម្ម ដែលដំណើរការរកស៊ីដោយសមាជិកគ្រួសារមួយមិនថាជាសាច់ញាតិ បងប្អូនតជំនាន់ ឬក៏ជាប្រភេទអាជីវកម្មតូច ឬធំនោះទេ។ វិស័យឯកជន ក្រុមហ៊ុនតូចៗ ដែលភាគច្រើនមានជាលក្ខណៈគ្រួសារ បង្កើតបានជាអាជីវកម្មឯកជនជាច្រើន។

ការធ្វើអាជីវកម្មនៅកម្ពុជាភាគច្រើន ត្រូវបានផ្ដើមចេញពីតូចទៅធំ និងដាក់ទុនជាលក្ខណៈតូចតាច ឬជាលក្ខណៈបែបគ្រួសារ ដោយបើកលក់សម្ភារអ្វីដែលខ្លួនគិតថា កំពុងមានតម្រូវការ និងអាចមានតម្រូវការនាពេលអនាគត ។

ដើម្បីពង្រឹងអាជីវកម្មដែលមានស្រាប់ ព្រមទាំងបើកឱកាសសម្រាប់សហគ្រិន និងនិស្សិត ដែលបញ្ចប់ការសិក្សា អាចបង្កើតនូវគំនិតអាជីវកម្មថ្មី និងយល់ដឹងពីរបៀបគ្រប់គ្រងអាជីវកម្មឲ្យមាននិរន្តរភាពនោះ មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបើកបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ (Master Program in family business managemnet) ជួយដល់អាជីវកម្ម ដែលជាលក្ខណៈគ្រួសារមានជំនាញ និងអាចពង្រីកពង្រឹងអាជីវកម្ម។

លោក ហេង ណារ៉េត ព្រឹទ្ធបុរសរងមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា បច្ចុប្បន្នអាជីវកម្មលក្ខណៈគ្រួសារ មានបញ្ហាប្រឈមខ្លះ ដោយការធ្វើអាជីវកម្មរបស់ពួកគេ ដែលបន្តពីក្រុមគ្រួសារតាមបែបបុរាណ។ ទន្ទឹមនេះ អាជីវកម្មលក្ខណៈគ្រួសារតូចៗជាច្រើនបែបនេះ ត្រូវការជំនាញ ដើម្បីយកទៅពង្រីកអាជីវកម្ម។

បើតាមអ្នកជំនាញ បានលើកឡើងថា គុណសម្បត្តិ ដ៏គួរឲ្យទាក់ទាញបំផុតមួយនៅក្នុងអាជីវកម្មដែលគ្រប់គ្រងជាលក្ខណៈក្រុមគ្រួសារ គឺវាមានភាពឆាប់រហ័ស  ស្ថិរភាព និងងាយស្រួលក្នុងការសម្រេចចិត្ត។ ការសម្រេចចិត្តក្នុងអាជីវកម្មកាន់តែឆាប់រហ័ស គឺសំអាងទៅទិន្នន័យជាក់ស្តែង ទំនាក់ទំនងជាមួយអតិថិជន ឬអ្វីមួយផ្សេងទៀត។ មានការសិក្សាស្រាវជ្រាវជាច្រើន បានលើកឡើងថា គុណសម្បត្តិនៃអាជីវកម្មជាលក្ខណៈគ្រួសារវាឆាប់រហ័សក្នុងការសម្រេចចិត្ត មិនសូវចំណាយពេលយូរទេ ពោលគឺធ្វើឡើងភ្លាមៗ តែម្តងដោយមិនចាំ​បាច់ស្នើសុំឆ្លងតាមដំណាក់កាល នីតិវិធី ឬ លក្ខខណ្ឌផ្សេងៗដូចក្រុមហ៊ុនធំៗ ដើម្បីអនុម័តយល់ព្រមលើសំណើអ្វីមួយនោះឡើយ។ ទន្ទឹមនឹងនេះ ល្បឿននៃការផ្លាស់ប្ដូរក្រុមហ៊ុនទៅមុខ ឬថយក្រោយ ក៏មិនពិបាកសាំញ៉ាំ ច្រើនផងដែរ។

គួរបញ្ជាក់ថា អាជីវកម្មជាលក្ខណៈគ្រួសារ ជាអាជីវកម្មដ៏ពេញនិយម និងកំពុងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិផងដែរ៕