Thursday, February 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងការងារ ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមបង្ការកុំឱ្យមានការកេងប្រវ័ញ្ចលើកុមារ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណ:កម្មាធិការជាតិប្រឆាំងពលកម្មកុមារ ឯកឧត្តម ហេង សួរ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយមានសមាសភាពអញ្ជើញចូលរួម ពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ តំណាងអង្គការសហជីព តំណាងអង្គការនិយោជក អាណាព្យាបាល និងកុមារា កុមារី។

នៅក្នុងឱកាសនោះ ឯកឧត្តម បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ថដែលមានទាំងវិស័យឯកជន អង្គការវិជ្ជាជីវៈតំណាងកម្មករ និងអង្គការជាតិ និងអន្តរជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលុបបំបាត់ ទប់ស្កាត់និងបង្ការកុំឱ្យមានការកេងប្រវ័ញ្ចលើកុមារដើម្បីធានាអំពីអនាគតនៃទំពាំងស្នងឬស្សីស្របតាមការអភិវឌ្ឍឥតឈប់ឈររបស់សង្គមជាតិនាពេលបច្ចុប្បន្ន។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើការអភិវឌ្ឍធនធានមនុស្សកម្ពុជាជាពិសេសកម្មករនិយោជិតដែលរដ្ឋាភិបាល បានគិតគូរតាំងពីពេលមានផ្ទៃពោះរហូតដល់កុមារអាយុ២ឆ្នាំតាមរយៈការផ្តល់ប្រាក់ឧបត្ថមដល់ម្តាយដើម្បីប្រាកដថាកុមារកម្ពុជាគ្រប់រូបមានជីវជាតិ និងអាហារបំប៉នគ្រប់គ្រាន់។ បន្ថែមលើនេះ រាជរដ្ឋាភិបាល នឹងបង្កើតឱ្យមានមតេយ្យសហគមន៍នៅតាមតំបន់រោងចក្រដើម្បីផ្តល់ការសិក្សា និងថែទាំតាមកម្រិតស្តង់ដាដល់ទារក និងកុមារដែលជាធនធានមនុស្សដ៏សំខាន់របស់ក្រុមគ្រួសារកម្មករនិយោជិតជំនាន់ក្រោយ។ នេះបើតាមឯកឧត្តមរដ្ឋមន្ត្រីដដែល។ 

ក្នុងបរិបទដែលកម្ពុជាកំពុងឆ្លងកាន់សម័យបច្ចេកវិទ្យាឌីជីថល ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា កុមារកម្ពុជា មិនគួរក្លាយជាកម្មវត្ថុនៃការបោកប្រាស់ ឬការលាបពណ៌ដោយបច្ចេកវិទ្យាទំនើបដែលនឹងបំផ្លាញដល់កុមារដែលជាក្រដាសសនៅឡើយ។

យ៉ាងណាក៏ដោយ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលជំហរតាំងចិត្ត និងការប្តេជ្ញាចិត្តច្បាស់លាស់ក្នុងការធានាអំពីកិច្ចគាំពារ ការអនុវត្តសិទ្ធិ ការលុបបំបាត់ និងការបង្ការការកេងប្រវ័ញ្ចគ្រប់រូបភាពដើម្បីធានាថាកុមារកម្ពុជាសុវត្ថិភាពតាមរយៈរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល អនុសញ្ញាអន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត រួមទាំងការដាក់ចេញនូវស្ថាប័នទទួលខុសត្រូវច្បាស់លាស់៕