ព្រះសីហនុ៖ ក្នុងរយៈពេល ៤ ខែឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបាន ៣៥,២ លានដុល្លារ គឺកើនឡើង ២៤,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញរបាយការណ៍ថា កំពង់ផែនេះ បានគ្រប់គ្រងលំហូរនៃ ២៩៦,៦៨៥ TEU រហូតដល់ខែមេសា ឆ្នាំ២០២៤នេះ គឺកើនឡើង ២៤ភាគរយ ពី ២៣៩,២៧៣ TEU ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

កម្ពុជា ត្រូវបានគេរំពឹងថា នឹងមានកំណើនជាបន្តបន្ទាប់ទៀតនៅឆ្នាំ២០២៤នេះ ដោយកត្តាជំរុញពីវិស័យទេសចរណ៍ និងការផលិតសម្លៀកបំពាក់ ដែលធ្វើឲ្យមានការប្រែប្រួលនៃកំណើននាំចេញ និងនាំចូល។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងពាណិជ្ជកម្មតែមួយគត់របស់កម្ពុជា កំពុងស្ថិតនៅលើផ្លូវនៃការអភិវឌ្ឍបន្ថែមទៀត។ កំពង់ផែនេះ មានគម្រោងអភិវឌ្ឍន៍កំពង់ផែជាបីដំណាក់កាល។ ចំណតកុងតឺន័រថ្មី ដែលមានប្រវែង ៣៥០ ម៉ែត្រ និងជម្រៅ ១៤.៥ ម៉ែត្រ មានសមត្ថភាពផ្ទុកកុងតឺន័រចំនួន ១.៤៥ លាន TEU ក្នុងមួយឆ្នាំ ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២៦។ ហើយដំណាក់កាលទីពីរ នៃស្ថានីយកុងតឺន័រថ្មី នឹងត្រូវអនុវត្តនៅឆ្នាំ២០២៨ និងដំណាក់កាលទីបី ដែលនឹងបញ្ចប់នៅឆ្នាំ២០២៩ នឹងបង្កើនសមត្ថភាព ផ្ទុកកុងតឺន័ររហូតដល់ជាង ២.៦៧ លាន TEU ក្នុងមួយឆ្នាំ៕