ភ្នំពេញ៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានសហការជាមួយនឹងក្លិបអ្នកកាសែតកម្ពុជា រៀបចំនូវសិក្ខាសាលាបណ្ដុះបណ្ដាលសារព័ត៌មានតំបន់មេគង្គលើកទី៣ ស្ដីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃពុធ ដល់ព្រហស្បតិ៍ ទី៥-៦ ខែមិថុនា ឆ្នាំ២០២៤រាជបណ្ឌិត្យសភាកម្ពុជា។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងទទួលបានកិត្តិយសអញ្ជើញថ្លែងសុន្ទរកថាបិទដោយឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់សិក្ខាកាមដែលមានពីរាជបណ្ឌិត្យសភាកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា ក្លិបអ្នកកាសែតកម្ពុជា អ្នកសារព័ត៌មានពីបណ្ដាអង្គភាពស្ថាប័ននានានៅក្នុងប្រទេសកម្ពុជា និងមកពីប្រទេសចិន សហរដ្ឋអាម៉េរិក ម៉ាឡេស៊ី និងហ្វ៊ីលីពីន។
សូមជម្រាបជូនផងដែរថា សិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានមេគង្គលើកទី៣ ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំនិងដំណឹងក្លែងក្លាយនៅក្នុងបរិបទបញ្ញាសិប្បនិម្មិត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់» ត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖
១- ចែករំលែកចំណេះដឹង និងឧត្តមានុវត្តលើការប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយ រួមទាំងបច្ចេកទេសពិនិត្យអង្គហេតុ គំនិតផ្តួចផ្តើមធ្វើអក្ខរកម្មព័ត៌មាន និងក្របខ័ណ្ឌគោលនយោបាយ។
២- ពិភាក្សាអំពីបញ្ហាប្រឈមចម្បងៗដែលកំពុងចោទឡើង ទាំងនៅក្នុងប្រទេសក្នុងអាស៊ាន ទាំងប្រទេសក្រៅតំបន់អាស៊ាន និងស្វែងរកដំណោះស្រាយរួមគ្នា។
៣- បង្កើតយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់និងការកសាងសមត្ថភាព ដើម្បីបង្កើតសហគមន៍អាស៊ានមួយ ដែលកាន់តែមានព័ត៌មានគ្រប់ជ្រុងជ្រោយនិងភាពធន់បន្ថែមទៀត។
៣- លើកកម្ពស់អាកប្បកិរិយាតាមអនឡាញឱ្យកាន់តែប្រសើរឡើង និងការចូលរួមប្រកបដោយសីលធម៌នៅលើវេទិកាបណ្ដាញព័ត៌មានសង្គម។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅ ដោយពិភាក្សាទៅលើប្រធានបទសំខាន់៣គឺ៖
១- ព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយនៅក្នុងសម័យឌីជីថល
២- ភាពតានតឹងនៅសមុទ្រចិនខាងត្បូងរវាងចិននិងហ្វីលីពីននិងការបំភ្លៃព័ត៌មាន
៣- ពីព័ត៌មានបែបប្រពៃណីទៅព័ត៌មានសង្គមនិងព័ត៌មានតាមបែបបញ្ញាសិប្បនិម្មិត
៤- យន្តការអាស៊ានក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយនៅក្នុងបរិបទបញ្ញាសិប្បនិម្មិត
៥- អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ៖ វិជ្ជាជីវៈនៃការផ្សព្វផ្សាយនិងក្រមប្រតិបត្តិ និង
៦- ក្រមប្រតិបត្តិសម្រាប់ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំនិងដំណឹងក្លែងក្លាយនៅក្នុងបរិបទបញ្ញាសិប្បនិម្មិត៕រក្សាសិទ្ធដោយ ៖ សុទ្ធលី