ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង-ពោធិ៍សាត់ និងខេត្តកោះកុង (សំឡូត-វាលវែង-កោះកុង) មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចបានការសាងសង់ ៨៣,៣៦% នៃគម្រោងទាំងមូល បើគិតត្រឹមបំណាចខែឧសភា ឆ្នាំ២០២៤នេះ។

បច្ចុប្បន្ននេះ ផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋ អាចអាចធ្វើដំណើរបានដោយរលូននៅរដូវវស្សានេះ ក្នុងការដឹកជញ្ជូនផ្សេងៗបានមួយចំនួន។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា នៅរដូវវស្សានេះ ផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះ នៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។

ឯកឧត្តម ផន រឹម បានបញ្ជាក់ថា លទ្ធផលការងារសាងសង់សម្រេចបាន រួមមាន៖ ការងារផ្លូវថ្នល់សម្រេចបាន ៨៧,៣១%, ការងារស្ពានសម្រេចបាន ៩១,១៨%, ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤១,៥០% ដែលគ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ ខណៈការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប ១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវមួយនេះ មានរយៈពេល ៦៦ខែ បានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕

