ភ្នំពេញ៖ របាយការណ៍ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ឈានដល់ ៥,៩៩ ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែ ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤នេះ ដោយបានកើនឡើង ១៨ ភាគរយ ពី ៥,០៧ ពាន់លានដុល្លារ បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន។

របាយការណ៍ បានឲ្យដឹងទៀតថា ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសកម្ពុជា និងឈរនៅលំដាប់ទី២ គឺប្រទេសវៀតណាម បន្ទាប់មកមានសហរដ្ឋអាមេរិក ថៃ និងជប៉ុនជាដើម។

អ្នកជំនាញ បានលើកឡើងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ឆ្លុះបញ្ចាំងពីការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការរឹងមាំរវាងប្រទេសទាំងពីរ។ បន្ថែមពីលើនេះ គឺជំនួយរបស់ប្រទេសចិន ក៏បានជួយរួមចំណែកសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ដូចជា៖ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងជីវភាពរស់នៅ និងការជំរុញភាពជាដៃគូកសិកម្ម និងឧស្សាហកម្ម។
បើយោងតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ កំណើនពាណិជ្ជកម្មនេះ បានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលនៅពីក្រោយកំណើននេះ និងបានជួយជំរុញដល់កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា។
គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជា បានសម្រេចចូលជាធរមាន បានជំរុញឲ្យផលិតផលរបស់កម្ពុជាដែលមានគុណភាពដូចជា៖ អង្ករ ចេកលឿង ស្វាយ វែង ដំឡូងមី និងម្រេច ត្រូវបាននាំចេញទៅប្រទេសចិនជាបន្តបន្ទាប់៕