ភ្នំពេញ៖ វិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៤នេះ បានបន្តស្ទុះងើបឡើងវិញ ជាមួយនឹងអ្នកដំណើរចំនួន ២លាននាក់ ដែលបានឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិកម្ពុជា បានកើនឡើង ២៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានគូសបញ្ជាក់ថាកាលពីពេលថ្មីៗនេះថា តួលេខដែលបានកើនឡើងនេះ គឺជាសក្ខីភាពមួយ ចំពោះការងើបឡើងវិញនៃឧស្សាហកម្មអាកាសចរណ៍របស់កម្ពុជាពីជំងឺរាតត្បាតកូវីដ-១៩ និងឆ្ពោះទៅមុខប្រកបដោយមោទនភាព។

កាលពីឆ្នាំ២០២៣ ប្រទេសកម្ពុជា មានអ្នកដំណើរ តាមផ្លូវអាកាស កើនឡើងគួរឱ្យកត់សម្គាល់ ដោយបានស្វាគមន៍អ្នកដំណើរជាង ៥.១ លាននាក់ កើនឡើង ១១៥ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២២ ។

បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិចំនួន ៣ ដំណើរការក្នុងប្រទេសកម្ពុជា៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS)។
ជាមួយគ្នានេះ មន្រ្តីអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា នៅថ្ងៃទី ១៦ ខែមិថុនាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងចាប់ផ្តើមបើកការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង៣ជើងក្នុងមួយសប្តាហ៍។
គួរបញ្ជាក់ថា ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៤មក ក្រុមហ៊ុន Emirates Airlines បានហោះហើរមកកម្ពុជាឡើងវិញពីទីក្រុង Dubai ដោយឆ្លងកាត់ប្រទេសសិង្ហបុរីជាលក្ខណៈសិទ្ធិហោះហើរទី៥។។ ហើយនៅឆ្នាំ២០២៤នេះ កម្ពុជា នឹងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន ៣១ ជាមួយជើងហោះហើរពីបណ្តាប្រទេសអាស៊ានចំនួន ៨ ចិន កូរ៉េខាងត្បូង ហុងកុង តៃវ៉ាន់ កាតា និងអារ៉ាប់រួមដើម៕