ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC សម្រេចអនុម័តឲ្យវិនិយោគគម្រោងវិនិយោគសរុបចំនួន ១៥៣ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២.៧៦០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ ២០២៤ នេះ ដែលនាំមុខដោយប្រភពទុនវិនិយោគក្នុងស្រុក និងប្រទេសចិន។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤នេះ ប្រភពវិនិយោគសំខាន់ៗ គឺត្រូវបាននាំមុខគេដោយវិនិយោគិនក្នុងស្រុក ដែលមានទុនវិនយោគប្រមាណ ១.៣៥៦លានដុល្លារអាមេរិក បន្ទាប់មកពីប្រភពទុនមកពីប្រទេសចិន ដែលមានប្រមាណ ១.២០២លានដុល្លារអាមេរិក និងនៅសល់ គឺការវិនិយោគមកពីសិង្ហបុរី វៀតណាម កូរ៉េ សហរដ្ឋអាមេរិក ម៉ាឡេស៊ី អូស្ត្រាលី សេណេហ្គាល់ និងឥណ្ឌា។
គម្រោងវិនិយោគទាំងនេះ ភាគច្រើនប្រមូលផ្តុំនៅខេត្តកំពង់ស្ពឺ ៣៦គម្រោង, ខេត្តស្វាយរៀង ៣១គម្រោង, រាជធានីភ្នំពេញ ២២គម្រោង, ខេត្តព្រះសីហនុ ២០គម្រោង និងខេត្តកណ្តាល ១៣គម្រោង ហើយគម្រោងភាគច្រើនផ្តោតលើការវិនិយោគផ្នែកឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធថាមពល។
គម្រោងវិនិយោគធំជាងគេ គឺនៅខេត្តព្រះសីហនុ ដែលជាគម្រោងអាជីវកម្មសណ្ឋាគារផ្កាយ ៥ចំនួន ២.៨៧០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុងតម្លៃទុន ៥៧៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៨៦០កន្លែង។ គម្រោងធំទី ២ គឺគម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹកអានុភាព ១៥០មេហ្កាវ៉ាត់ នៅខេត្តកោះកុង មានទុនវិនិយោគជាង ៤៤០លានដុល្លារអាមេរិក និងអាចបង្កើតការងារចំនួន ២២០កន្លែង។
ក្នុងខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណជាង ២៤៦លានដុល្លារ ដោយអាចបង្កើតការងារបានប្រមាណ១៥ពាន់កន្លែង។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ មិថុនា បានឲ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគទាំង២៥ គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន១៧គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង ។
គួរបញ្ជាក់ថា បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នៅឆ្នាំ ២០២៣កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តលើគម្រោងវិនិយោគសរុបចំនួន ២៦៨ គម្រោង មានទុនវិនិយោគសរុប ៤,៩ ប៊ីលានដុល្លារអាមេរិក កើនឡើង ២២% បើធៀបឆ្នាំ២០២២ ក្នុងនោះ ប្រភពទុនភាគច្រើន ត្រូវបាននាំមុខដោយវិនិយោគចិន និងតាមពីក្រោយដោយវិនិយោគក្នុងស្រុក៕