ភ្នំពេញ៖ ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ៥ខែជាប់ៗគ្នា នៅឆ្នាំ២០២៤នេះ កម្ពុជា បានកត់ត្រាពីអតិរេកពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ដែលធ្វើឲ្យប្រទេសមួយនេះ បានក្លាយជាទីផ្សារនាំចេញទំនិញធំបំផុតលំដាប់ទីពីររបស់កម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិក។

យោងតាមទិន្នន័យខាងលើបានឲ្យដឹងថា ចាប់តាំងពីខែមករា ដល់ខែឧសភា ឆ្នាំនេះ ការនាំចេញរបស់កម្ពុជាទៅវៀតណាម មានកម្រិតអតិរេកពាណិជ្ជកម្មជារៀងរាល់ខែ។ ប៉ុន្តែបើគិតក្នុងរយៈពេល ៥ខែដំបូងឆ្នាំនេះ កម្ពុជា បាននាំចេញទំនិញទៅកាន់ប្រទេសវៀតណាម ក្នុងតម្លៃទឹកប្រាក់សរុប ១.៨៨៧លានដុល្លារអាមេរិក កើនឡើង ៤២,៦% ខណៈការនាំចូលពីវៀតណាមមកវិញ មានតម្លៃត្រឹមតែ ១.៦៧០លានដុល្លារអាមេរិក កើនឡើង ៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះ ធ្វើឲ្យកម្ពុជា មានអតិរេកពាណិជ្ជកម្មជាមួយរៀតណាម ក្នុងទំហំទឹកប្រាក់សរុប ២១៧លានដុល្លារអាមេរិក។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានធ្វើការកត់សម្គាល់ថា ប្រទេសវៀតណាម បានបង្កើនការទិញទំនិញកសិផលយ៉ាងច្រើនពីកម្ពុជា មានដូចជា ស្រូវ គ្រាប់ស្វាយចន្ទី ដំឡូងមី ជ័រកៅស៊ូ និងកសិផលផ្សេងៗទៀត រួមទាំងគ្រឿងបន្លាស់ បន្ទាប់ពីប្រទេសនេះ បានបើកទីផ្សារពាណិជ្ជកម្មសេរីកាន់តែច្រើន ជាពិសេស ជាមួយសហភាពអឺរ៉ុប ដែលធ្វើឲ្យវៀតណាម មានតម្រូវការវត្ថុធាតុដើម ដើម្បីបំ ពេញតម្រូវការរោងចក្រកែច្នៃនាំចេញបន្តទៅអឺរ៉ុប និងទីផ្សារអន្តរជាតិ។

ឯកឧត្តម បានបញ្ជាក់ថា ជារួមសម្រាប់ទិសដៅអនាគត គឺរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលបាយជំរុញការនាំចេញផលិតផលសម្រេចដែលមានតម្លៃបន្ថែមខ្ពស់ និងបង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក។ ជាក់ស្តែង ដូចជា ការដាក់ចេញគោលនយោបាយជាតិស្តីពីស្វាយចន្ទី គឺដើម្បីទាក់ទាញរោងចក្រកែច្នៃ និងនាំចេញ និងរួមទាំងលើកទឹកចិត្តឲ្យមានការវិនិយោគបង្កើតរោងចក្រកែច្នៃកសិផលផ្សេងៗទៀត ដូចជា រោចក្រកែច្នៃដំឡូងមី និងរោចក្រផលិតសំបកកង់រថយន្ត ជាដើម។

គួរបញ្ជា់ថា មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅវៀតណាម រួមមាន៖ ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ និងថ្នាំជក់។ ទន្ទឹមនឹងនោះ ការនាំចូលមុខទំនិញសំខាន់ៗពីប្រទេសវៀតណាម ចូលមកកម្ពុជាវិញ រួមមាន៖ សម្ភារៈសំណង់ គ្រឿងចក្រ ប្រេងឥន្ធនៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិច សម្ភារៈប្រើប្រាស់ ជី ចំណីសត្វ គ្រឿងទេស បន្លែ និងផ្លែឈើ៕