Thursday, February 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលខេត្តស្វយ័តពិសេស Jeju នៃសាធារណរដ្ឋកូរ៉េ ព្រមព្រៀងគ្នាឲ្យមានការសិក្សាអំពីសក្តានុពល ក្នុងការជំរុញការហោះ​ហើរត្រង់ រវាងកោះ Jeju និងខេត្តសៀមរាប-អង្គរ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន បានជួបពិភាក្សាការងារជាមួយ លោក OH YOUNG HUN អភិបាលខេត្តស្វយ័តពិសេស Jeju នៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីកាលានុវត្តភាព សក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងការអភិវឌ្ឍវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ តាមរយៈការជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែច្រើនថែមទៀត។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកអភិបាលខេត្តស្វយ័តពិសេស Jeju នៃសាធារណរដ្ឋកូរ៉េ បានព្រមព្រៀងគ្នាឲ្យមានការសិក្សាអំពីសក្តានុពលក្នុងការជំរុញការហោះហើរត្រង់ រវាងកោះ Jeju និងខេត្តសៀមរាប-អង្គរ។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញអំពីកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្នុងនោះ វិស័យទេសចរណ៍ ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារ និងលើកស្ទួយឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្ត្រី និងលោកអភិបាលខេត្ត បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ការផ្លាស់ប្តូរ វប្បធម៌ និងសេដ្ឋកិច្ច ការកសាងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែរឹងមាំ និងបង្កើនទំនុកចិត្តទៅវិញទៅមកឱ្យកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ ជាពិសេសជាមួយកោះ Jeju។

លោកអភិបាលខេត្ត Jeju បានលើកឡើងថា កោះ Jeju និងកម្ពុជា មានកត្តាដូចគ្នាច្រើន រួមមានប្រវត្តិសាស្ត្រ សម្បតិ្តធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ ដែលជាកត្តាជំរុញឱ្យមានការចុះអនុស្សរណៈរវាង ខេត្តសៀមរាប និងរាជធានីភ្នំពេញ ជាមួយកោះ Jeju។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ សម្រាប់ការបន្ត និងពង្រឹងទំនាក់ទំនងទ្វេភាគីបានយ៉ាងល្អប្រសើរ ចាប់តាំងពីការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងការបង្កើតទំនាក់ទំនងការទូតឡើងវិញក្នុងឆ្នាំ១៩៩៧ ដែលបានផ្តួចផ្តើមគំនិតដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា រហូតមកដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នាពេលបច្ចុប្បន្ន បានលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ ពីកម្រិតធម្មតាទៅកម្រិតភាពជាដៃគូយុទ្ធសាស្រ្ត មានន័យថា ទំនាក់ទំនងលើគ្រប់វិស័យទាំងអស់រួមទាំងវិស័យការងារ និងទេសចរណ៍នៃប្រទេសទាំងពីរផង កាន់តែពង្រីក និងកាន់តែពង្រឹងឱ្យកាន់តែមានភាពស៊ីជម្រៅ។

ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចអំពីសសរស្ដម្ភយុទ្ធសាស្រ្តទាំង៥ (បង្កើន៥ ឬ BUILD) និងការងារអាទិភាពគាំទ្រចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣ ឬ 3Ds» ដើម្បីចូលរួមចំណែកបង្កើនកិច្ចសហការរវាងផ្នែករដ្ឋ និងឯកជន ប្រកបដោយភាពវិជ្ជមានក៏ដូចជាការលើកកម្ពស់ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ននៃទេសចរណ៍កម្ពុជា៕