ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឲ្យវិស័យឯកជនវិនិយោគ លើកន្លែងចតរថយន្តឲ្យបានច្រើន នៅរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការចតរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនា ស្ពានអាកាសភ្លោះ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនិងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលអនាគត បញ្ហាកន្លែងចតរថយន្ត គឺជាបញ្ហាសំខាន់ នៅរាជធានីភ្នំពេញ ដោយសារតែចំនួនប្រជាពលរដ្ឋ ចេះតែមានការកើនឡើង ហើយយានយន្ត ក៏មានការកើនឡើង។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្ន រាជធានីភ្នំពេញ មានប្រជាជនប្រមាណ ៣លាននាក់ និងមានមធ្យោបាយធ្វើដំណើរម៉ូតូ និងរថយន្ត ប្រមាណ ២លានគ្រឿង។

ក្នុងពិធីនេះដែរ សម្ដេចធិបតី ក៏បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ពង្រឹងលើការរៀបចំខ្សែរថយន្តក្រុងសាធារណៈ ឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីសម្រួលលើការធ្វើដំណើរ និងការចំណាយលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

