Wednesday, June 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករការងារតាមផ្ទះជាផ្នែកមួយដ៏សំខាន់ នៃកម្លាំងពលកម្មក្នុងវិស័យសេដ្ឋកិច្ច និងបានចូលរួមយ៉ាងសកម្ម ក្នុងការបង្កើនសុខុមាលភាពសង្គម ធ្វើឲ្យមានចរន្តការងារគ្រប់វិស័យ

spot_img

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ អង្គការអុកស្វាម និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) រៀបចំ ខួបលើកទី១៣ ទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ស្តីពី “គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ“ នៅភ្នំពេញនាថ្ងៃនេះ ក្នុងគោលបំណងរំលឹកសិទិ្ធរបស់កម្មករការងារតាមផ្ទះ និងពិភាក្សាអំពីស្ថានភាព និងបញ្ហាប្រឈមរបស់ពួកគេ ក៏ដូចជាចែករំលែកនូវព័ត៌មាន បទពិសោធន៍នានាទាក់ទិននឹងគោលនយោបាយ និងការអនុវត្តក្នុងវិស័យកិច្ចគាំពារសង្គម និងលើកជាសំណើរដាក់ជូនភាគីពាក់ព័ន្ធ។
វេទិកានាឆ្នាំនេះ មានអ្នកចូលរួមចំនួនប្រមាណ២៧០នាក់ រួមមានកម្មករការងារតាមផ្ទះ អ្នកធ្វើការថែទាំមិនមានប្រាក់កម្រៃ អ្នកប្រកបរបរសេវាកំសាន្ត អ្នកលក់ដូរតាមដងផ្លូវ អ្នកតំណាងភាគីនិយោជក កម្មករដឹកជញ្ជូន ព្រមទាំងតំណាងមកពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍផ្សេងៗទៀត។

លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអង្គការអុកស្វាមបានមានប្រសាសន៍ថា «អង្គការអុកស្វាម មានបេសកកម្មរួមចំណែកកសាងសង្គមមួយយុត្តិធម៌ និងគ្មានភាពក្រីក្រ។ យើងសហការ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពក្រីក្រ និងដោះស្រាយវិសមភាពក្នុងចំណោមកម្មករ-និយោជិត និងក្រុមប្រជាជនងាយរងគ្រោះ។ កម្មករការងារតាមផ្ទះជាផ្នែកមួយដ៏សំខាន់នៃកម្លាំងពលកម្មក្នុងវិស័យសេដ្ឋកិច្ច និងបានចូលរួមយ៉ាងសកម្មក្នុងការបង្កើនសុខុមាលភាពសង្គម ធ្វើឲ្យមានចរន្តការងារគ្រប់វិស័យ និងរួមចំណែកទៅក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ប្រាក់ចំណូលរបស់កម្មករការងារផ្ទះ អាចជួយទ្រទ្រង់ស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន និងគ្រួសាររបស់ពួកគេមានភាពប្រសើរឡើង និងត្រៀមបម្រុងសម្រាប់សមាជិកគ្រួសារក្នុងការប្រឈមនឹងហានិភ័យឬវិបត្តិសេដ្ឋកិច្ចជាយថាហេតុ និងព្រមទាំងជួយពួកគេឱ្យចាកចេញ ពីភាពក្រីក្រ ហើយពួកគាត់ក៏ត្រូវទទួលបានលក្ខខណ្ឌការងារសមស្រប និងការគាំពារពេញលេញផងដែរ។»។

លោក វន់ ពៅ ប្រធានសមាគម IDEA មានប្រសាសន៍ថា «ចាប់តាំងពីឆ្នាំ២០០៥មក សមាគមបានធ្វើសកម្មភាពជាច្រើន ដើម្បីលើកម្ពស់លក្ខខណ្ឌការងារទូទៅ រួមទាំងលក្ខខណ្ឌការងាររបស់កម្មករការងារតាមផ្ទះ ក៏ដូចជាបានជម្រុញការដាក់បញ្ចូលពួកគេនៅក្រោមច្បាប់សហជីពផងដែរ។ បច្ចុប្បន្ន IDEA កំពុងសម្របសម្រួលបណ្តាញកម្មករការងារតាមផ្ទះ ដែលមានក្រុមកម្មករការងារតាមផ្ទះចំនួន ២០ ក្រុម និងផ្តួចផ្តើមឱ្យមានការសន្ទនាសមស្របជាមួយស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ និងតំណាងនិយោជក ដើម្បីទទួលបានការទទួលស្គាល់កាន់តែច្រើនពីសិទ្ធិរបស់ពួកគេ ដើម្បីផ្តល់លទ្ធភាពដល់ពួកគេអាចទទួលបាននូវកិច្ចគាំពារសង្គម និងលក្ខខណ្ឌរស់នៅសមរម្យ។»

លោកស្រី យ៉ុង ស្រីមុំ ជាចុងភៅសម្រាប់គ្រួសារឯកជនមួយនៅភ្នំពេញ និងបានធ្វើការជាកម្មករតាមផ្ទះរយៈពេលជាង៥ឆ្នាំហើយ។ លោកស្រីបានចូលរួមយ៉ាងសកម្មក្នុងការតស៊ូមតិដើម្បីឪ្យមានលក្ខខណ្ឌការងារល្អប្រសើរ។ អ្វីដែលពិសេសនោះ គឺលោកស្រីបានចរចាជាមួយថៅកែឪ្យចុះបញ្ជីកម្មករទៅក្នុងប.ស.ស។ លោកស្រីបានលើកឡើងថា ថៅកែចង់ទិញធានារ៉ាប់រ៉ងឪ្យ ប៉ុន្តែលោកស្រីចង់បានបណ្ណ ប.ស.ស.ច្រើនជាង ព្រោះលោកស្រីគិតថា បណ្ណនេះមានប្រយោជន៍ច្រើនជាងការធានារ៉ាប់រងឯកជន។ «ខ្ញុំអាចទទួលអត្ថប្រយោជន៍ថែទាំសុខភាព ការពារពេលមានគ្រោះថ្នាក់ការងារ និងសោធននិវត្តន៍។ ថៅកែត្រូវបង់ប្រាក់ភាគទាន ១ឆ្នាំម្ដង ឬ ១ខែម្ដងក៏បាន ហើយខ្ញុំក៏បានជូនថៅកែទៅជួបភ្នាក់ងារ ប.ស.ស.ដើម្បីធ្វើការចុះបញ្ជី និងបង់ភាគទាន។ ខ្ញុំចង់ឃើញអ្នកធ្វើការតាមផ្ទះទាំងអស់ទទួលបានការគាំពារដូចខ្ញុំដែរ ។ អ្វីដែលប្រសើរឡើង គឺក្រោយពីចូលរួមជាមួយសមាគម ខ្ញុំទទួលបាន និងមានការងារធ្វើ។ ខ្ញុំចូលសមាគម IDEA បាន១០ ថ្ងៃ ហើយខ្ញុំបានរៀនសូត្រវគ្គជាច្រើនពីសមាគម។ ខ្ញុំផ្លាស់ប្ដូរខ្លួនឯង អាចទំនាក់ទំនងខាងក្រៅបានច្រើន លែងខ្លាច លែងអៀន ហ៊ាននិយាយ អាចចងក្រងក្រុមបាន។ ខ្ញុំពិតជាមានមោទនភាពចំពោះការងាររបស់ខ្ញុំណាស់។ មិនខ្មាស់គេទេពេលខ្ញុំជាអ្នកធ្វើការងារតាមផ្ទះ មិនមានអីខ្មាស់គេទេ ពីព្រោះខ្ញុំធ្វើការដោយសុច្ចរិត»។

យោងតាមការស្រាវជ្រាវនៅឆ្នាំ២០១៨ របស់អង្គការពលកម្មអន្តរជាតិ កម្ពុជាមានកម្មករការងារតាមផ្ទះចំនួនប្រមាណ ២៤០.០០០ នាក់។ ប្រាក់ចំណូលរបស់ពួកគេបានរួមចំណែកផ្នែកសេដ្ឋកិច្ចមួយភាគយ៉ាងសំខាន់ដល់ប្រាក់ចំណូលរបស់សមាជិកគ្រួសារកម្ពុជា ហើយដែលជាផ្នែកមួយសំខាន់រួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ។

កម្មករការងារតាមផ្ទះ ក៏ដូចជាស្ត្រីដ៏ទៃទៀតដែលមានរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែរ គឺជាក្រុមងាយទទួលរងគ្រោះបំផុតពីហានិភ័យ ពិសេសអ្នកតាមផ្ទះ ប្រសិនបើពួកគេស្នាក់នៅ២៤ម៉ោង ជាមួយនិយោជក គឺអាចប្រឈមនឹងការរំលោភបំពាន គ្មានពេលសម្រាក គ្មានការហូបចុកត្រឹមត្រូវ មានបញ្ហាសុខភាព។ ចំពោះអ្នកដែលស្នាក់នៅខាងក្រៅផ្ទះខ្លួនឯង មានបញ្ហាពេលធ្វើដំណើរពេលយប់ ផ្លូវឆ្ងាយលំបាកធ្វើដំណើរពេលភ្លៀង ព្រមទាំងគ្មានស្ថេរភាពប្រាក់ចំណូល និងសុខភាពផ្លូវចិត្ត និងផ្លូវកាយមិនល្អ ដោយសារការរើសអើង អសុវត្ថិភាព និងអស្ថេរភាពនៃលក្ខខណ្ឌការងារ ប្រាក់ចំណូលទាប ព្រមទាំងសិទ្ធិសេរីភាពក្នុងការចូលរួមក្នុងសមាគមនៅមានកម្រិត។
កម្មករការងារតាមផ្ទះ មានតម្លៃស្មើគ្នានឹងកម្មករនិយោជិតដទៃទៀតដែរ។
ដូច្នេះពួកគេមានសិទ្ធិស្មើគ្នាក្នុងការទទួលបាននូវអត្ថប្រយោជន៍ពីគោលនយោបាយគាំពារសង្គម ជាពិសេសរបបសន្តិសុខសង្គម សេរីភាព ។ល។ ក្នុងការចងក្រងសមាគម ដែលធានាថា ពួកគេក៏អាចទទួលបាននូវប្រយោជន៍ដូចគ្នានឹងកម្មករនិយោជិត ក្នុងវិស័យដ៏ទៃទៀតនៅក្នុងប្រទេសកម្ពុជាដែរ នៅក្រោមអភិក្រម «មិនទុកពួកគេម្នាក់ណាចោលឡើយ»។

អង្គការអុកស្វាម និងដៃគូ សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា សូមពិនិត្យលទ្ធភាព និងផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ១៨៩ របស់អង្គការពលកម្មអន្តរជាតិ ស្តីពីសិទ្ធិកម្មករការងារផ្ទះ ព្រមទាំងដាក់ចេញវិធានការសមស្របចាំបាច់នានាដើម្បីគាំទ្រដល់ការអនុវត្តខ្លឹមសារនៃអនុសញ្ញានេះនៅក្នុងប្រទេស ដើម្បីឈានទៅដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ចីរភាព ក៏ដូចជាឈានទៅសម្រេចបាននូវគោលដៅ ក្នុងការប្រែក្លាយទៅជាប្រទេសប្រាក់ចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ។

អនុសញ្ញាលេខ ១៨៩ របស់អង្គការពលកម្មអន្តរជាតិ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១១ សន្និសិទពលកម្មអន្តរជាតិនៃអង្គការពលកម្មអន្តរជាតិ(ILO)បានអនុម័តអនុសញ្ញាស្តីពីការងារសមរម្យសម្រាប់កម្មករការងារផ្ទះ ដែលគេហៅថា អនុសញ្ញាកម្មករការងារផ្ទះ។ អនុសញ្ញានេះទទួលស្គាល់ការងារផ្ទះដូចជាការងារដ៏ទៃដែរ ហើយកម្មករការងារផ្ទះក៏មានសិទ្ធិទទួលបានលក្ខខណ្ឌការងារសមរម្យដូចជាកម្មករដ៏ទៃទៀតដែរ។

តើអ្វីទៅជាការងារផ្ទះ? ការងារតាមផ្ទះត្រូវបានកំណត់និយមន័យថាជា “ការងារដែលធ្វើនៅក្នុង ឬសម្រាប់គ្រួសារមួយឬច្រើន”។ ការងារនេះអាចរាប់បញ្ចូលទាំងការសម្អាតផ្ទះ ការចម្អិនអាហារ ការបោកអ៊ុតសំលៀកបំពាក់ ការមើលថែកុមារ សមាជិកចាស់ជរា ឬអ្នកជម្ងឺក្នុងគ្រួសារ ការថែសួន ថែរក្សាផ្ទះ ការបើកបរជូនក្រុមគ្រួសារ និងការថែទាំសត្វចិញ្ចឹមទៀតផង៕ រក្សាសិទ្ធដោយ ៖​ សុទ្ធលី

spot_img
×