Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចាប់ខ្លួនឧកញ៉ា ស្រី ស៊ីណា ជាជនដៃដល់ ដែលបាញ់មនុស្សស្លាប់២នាក់ និងរបួសម្នាក់ នៅបុរីប៉េងហ៊ួតបឹងស្នោ

ភ្នំពេញ ៖ ជនដៃដល់មានងារជាឧកញ៉ាទៀត គឺឧកញ៉ា ស្រី ស៊ីណា ត្រូវសមត្ថកិច្ចចាប់បានហើយ ក្នុងករណីបាញ់បណ្តាលឱ្យមនុស្សស្លាប់ និងរបួស ក្នុងបុរី ប៉េងហួតបឹងស្នោ។ ជនល្មើសបានរត់គេចខ្លួន ទៅដល់ស្រុកអង្គស្នួល ខេត្តកណ្តាល នៅវេលាម៉ោងប្រាមាណ ៦ល្ងាចនេះ។

នៅវេលាម៉ោង១៨ល្ងាចថ្ងៃទី១៧ ខែមិថុនានេះ សមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្ដាល បានចាប់ខ្លួនជដៃដល់ម្នាក់ទៀត ដែលប្រើអាវុធខ្លី បាញ់ស្រោចបណ្ដាលឱ្យមនុស្សពីរនាក់ស្លាប់ និងម្នាក់រងរបួស នៅក្នុងបុរីប៉េងហួតបឹងស្នោ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ខ្មាន់កាំភ្លើងត្រូវចាប់ខ្លួនបាននៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា ខ្មាន់កាំភ្លើងត្រូវកម្លាំងនគរបាលឡោមព័ទ្ធចាប់ខ្លួនបានហើយ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល រួមជាមួយរថយន្ដ និងកាំភ្លើងខ្លីសម្រាប់ធ្វើសកម្មភាព។ ក្រោយចាប់ខ្លួនបាន នៅពេលនេះខ្មាន់កាំភ្លើងកំពុងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី។ ខ្មាន់កាំភ្លើងឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ។

យោងតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើងក៏មានងារជាឧកញ៉ា។ ជាមួយការឃាត់ខ្លួននេះ កម្លាំងនគរបាលដកហូតបានរថយន្ដមួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923 និងកាំភ្លើងខ្លីមួយដើមសម្រាប់ធ្វើសកម្មភាព។ ក្រៅពីខ្មាន់កាំភ្លើងដែលជាអ្នកធ្វើសកម្មភាពផ្ទាល់ កម្លាំងនគរបាលក៏បានឃាត់ខ្លួនមនុស្សចំនួន២នាក់ផ្សេងទៀត ដែលសង្ស័យពាក់ព័ន្ធករណីនេះ។

ដោយឡែក សម្រាប់ជនរងគ្រោះក្នុងហេតុការណ៍នេះវិញ មានចំនួន៣នាក់ ក្នុងនោះស្ដ្រីម្នាក់ និងបុរស២នាក់។ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នោះ មាន២នាក់ជាគូដណ្ដឹងនឹងគ្នា ហើយត្រៀមចូលរោងការនៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ បើតាមការបញ្ជាក់បន្ថែមថា រហូតមកដល់ពេលចាប់ខ្លួននេះជនរងគ្រោះ២នាក់ដែលជាគូដណ្ដឹងនឹងគ្នានោះ បានបាត់បង់ជីវិត ខណៈម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ជំហានដំបូងបានឲ្យដឹងថា ដើមចមនៃហេតុការណ៍បាញ់ប្រហារដ៏រន្ធត់នេះ គឺផ្ដើមចេញពីទំនាស់អ្នកជិតខាង និងការប្រើប្រាស់ស្នួលហាលខោអាវ ព្រមទាំងការចតរថយន្ដ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×