Thursday, February 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CBC៖ តួនាទីប្រព័ន្ធផ្សព្វផ្សាយ បានជួយប្រជាជន យល់ដឹងពីទិន្នាការថ្មីៗ ក្នុងវិស័យហិរញ្ញវត្ថុ និងរបៀបដែលប្រជាជន អាចទាញយកផលប្រយោជន៍ពីការផ្លាស់ប្តូរ

ភ្នំពេញ៖ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) លោក អឿ សុធារ័ត្ន បានលើកឡើងថា តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ មិនត្រឹមតែជួយដល់ប្រជាជនយល់ដឹងពីទិន្នាការថ្មីៗ ក្នុងវិស័យហិរញ្ញវត្ថុ ប៉ុន្តែថែមទាំងពន្យល់ពីសារសំខាន់នៃការផ្លាស់ប្តូរនេះ ថាតើវាអាចជួយសម្រួលដល់ប្រជាជន និងរបៀប ដែលប្រជាជនអាចទាញយកផលប្រយោជន៍ពីការផ្លាស់ប្តូរនេះបាន។​

លោក បានបន្តថា វិស័យហិរញ្ញវត្ថុ និងប្រព័ន្ធផ្សព្វផ្សាយនានា ទាមទារភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីផ្តល់ជាចំណេះដឹងជូនប្រជាជន។ យើងឃើញថា នៅកម្ពុជាមានអ្នកសារព័ត៌មាន និងអ្នកធ្វើការក្នុងវិស័យនេះមានជាច្រើននាក់។ សារព័ត៌មានអាជីព ដែលមានគោលការណ៍សំខាន់ ០៣គឺ៖ ច្បាប់ វិជ្ជាជីវៈ និងក្រមសីលធម៌ គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងមានប្រសិទ្ធិភាពនៅក្នុងសង្គម ហើយស្ថាប័ននេះ ដើរតួនាទីសំខាន់ក្នុងការធានាថា ប្រជាជនខ្មែរមានព័ត៌មានពិត គ្រប់គ្រាន់ និងទាន់សភាពការណ៍។

លោកបន្ថែមថា ដើម្បីលុបបំបាត់ការភ័នច្រលំដែលបាននឹងកំពុងកើតមានឡើង យើងត្រូវការសារព័ត៌មានអាជីពទាំងអស់ ជួយប្រជាជនយល់ដឹងកាន់តែច្រើនអំពីចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជា ប្រព័ន្ធចែករំលែកព័ត៌មានឥណទានទៅសាធារណជន ឱ្យកាន់តែទូលំទូលាយតាមរយៈបណ្តេញផ្សព្វផ្សាយ ដែល គ្របដណ្តប់ទូទាំងផ្ទៃប្រទេស សំដៅសម្រេចគណនេយ្យភាពសង្គម រវាងវិស័យហិរញ្ញវត្ថុ និងសង្គមជាតិ។

សម្រាប់វិស័យធនាគា និងហរញ្ញវត្ថុ ដែលជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ត្រូវការនូវការមើលថែរយ៉ាងដិតដល់អំពីសុខមាលភាព ដើម្បីឲ្យវិស័យមួយនេះ អាចបង្ហូនូវសាច់ប្រាក់ចូលទៅក្នុងសេដ្ឋកិច្ចដោយគ្មានភាពរអាក់រអួល។ ក្នុងនាមសមាគមីក្រូហិរញ្ញវត្ថុ លោកជំទាវ ឌិត នីតា ស្វាគមនូវរាល់ការស្នើសុំព័ត៌មានផ្សេងៗ ដើម្បីអត្ថបទរបស់បងប្អូនសារព័ត៌មានមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនេះ សមាគមក៍មាននូវប្រព័ន្ធទទួលបណ្តឹងអតិថិជនផងដែរ ក្នុងករណីដាច់ដោយទ្បែកណាមួយនោះ ដែលអតិថិជនមិនពេញចិត្តនឹងសេវាកម្មរបស់សមាជិកសមាគម។ ទាំងនេះជាការយកចិត្ត ទុកដាក់របស់សមាគមទៅលើកិច្ចការពារអតិថិជន និងក្រមប្រតិបត្តរបស់វិស័យ។

លោកជំទាវ ឌិត នីតា បន្តថា ការរិតចំណងសាមគ្គីភាពរវាងវិស័យហិរញ្ញវត្ថុ ដែលមានសមាគមធានា សមាគមមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនក្រេឌិត ប្យួរ៉ូន (CBC) និងក្លឹបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មានទាំងអស់ ក្នុងគោលដៅយផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកអំពីវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ជូនចំពោះបងប្អូនអ្នកសារព័ត៌មាន ក៍ដូចជាសាធារណៈជន។

លោកជំទាវ ឌិត នីតា បន្ថែមថា អ្នកសារព័ត៌មានទាំងអស់គ្នាមានអំណាច និងឥទ្ធិពលដ៍ធំ ក្នុងការផ្លាស់ប្តូរនូវការគិតរបស់អ្នកអាន អ្នកស្តាប់ អ្នកទស្សនា ឬសារធារណៈជនតាមរយៈការផ្សព្វផ្សាយនូវអត្ថបទ ដែលប្រកបដោយវិជ្ជាជីវៈក្រមសីលធម៌ តម្លាភាព គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកសារព័ត៌មានអាចផ្លាស់ប្តូនូវពិភពលោកទាំងមូល តាមរយៈអត្ថបទ និងប្រព័ន្ធផ្សព្វផ្សាយរបស់បងប្អូន។ ម្យ៉ាងវិញទៀត ទំនួលខុសត្រូវដ៍ធំមួយរបស់អ្នកសារព័តមាន គឺការផ្តល់នូវព័ត៌មានពិតប្រាកដ ដែលមិនមានចេតនាលំអៀង និងវិស័យដែលជាប្រពភនៃព័ត៌មានក៍ត្រូវមានទំនួលខុសត្រូវក្នុងការបញ្ជូនព័ត៌មាន ពិតប្រាកដ និងទាន់ពេលវេលាផងដែរ។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានស្នើឱ្យមានកិច្ចសហការ និងការចូលរួមឱ្យបានផុសជុលពីអ្នកសារព័ត៌មាន និងការីនិពន្ធ ដើម្បីធានាថា មានការផ្សព្វផ្សាយព័ត៌មាន ល្អៗទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុ និងព័ត៌មាននៃរបាយការណ៍ឥណទានកាន់តែប្រសើរឡើង។ ហើយលោកចង់ឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើង យល់ពីសុខភាពហិរញ្ញវត្ថុរបស់ពួកគេឱ្យបានកាន់តែច្បាស់ផងដែរ៕