ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ ជាទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យមអន្តរជាតិ ដែលនឹងបង្ហាញពីតួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងមានភាពធន់។

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ ដោយប្រកាសយកថ្ងៃទី២៧ ខែមិថុនា ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើកកម្ពស់សារសំខាន់របស់សហគ្រាសធុនតូច និងមធ្យម ជំរុញការបង្កើតការងារ ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងជំរុញការពង្រីកទីផ្សារទាំងក្នុង និងក្រៅប្រទេស។

ជាមួយគ្នានេះ កម្ពុជា បានត្រៀមរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME Day 2024) លើកទីមួយ នៅថ្ងៃទី២៧ ខែមិថុនានេះ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់កំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន» ។

នៅកម្ពុជា សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។ ហើយសហគ្រាសធុនតូច និងមធ្យម គឺជាគន្លឹះក្នុងដំណើររបស់កម្ពុជា ឆ្ពោះទៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយសារវិស័យនេះមានសក្តានុពលក្នុងការបង្កើនតម្លៃបន្ថែម ផលិតផល និងសេវាកម្មចម្រុះ ការពង្រីកទីផ្សារ បន្ថែពីការរួមបញ្ចូលទៅក្នុងតម្លៃខ្សែសង្វាក់សកល។

នៅទូទាំងពិភពលោក សហគ្រាសធុនតូច និងមធ្យមមាន៩០ ភាគរយនៃអាជីវកម្ម៦០-៧០ ភាគរយនៃការងារ និង៥០ ភាគរយនៃផលិតផលក្នុងស្រុកសរុប។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសហព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាតិ ហើយអាចទាក់ទាញអ្នកវិនិយោគ និងពង្រីកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក។ ជួយបង្កើតការងារ ជួយកសិករចេះកែច្នៃផលិតផល និងរកប្រាក់បន្ថែម។ ហើយទិវាជាតិនេះ នឹងមានការចូលរួមពីសមាជិកសហគ្រាសធុនតូច និងមធ្យមចំនួន ៥.០០០ នាក់។

បើតាមប្រធានសហព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានឲ្យដឹងថា នៅឆ្នាំក្រោយ ទិវាជាតិនេះ នឹងរៀបចំនៅឧទ្យានជាតិបូកគោក្នុងខេត្តកំពត ឬខេត្តសៀមរាប ហើយលោករំពឹងថា នឹងមានប្រជាពលរដ្ឋចូលរួមកាន់តែច្រើន រួមជាមួយការតាំងពិព័រណ៍ផលិតផលខ្មែររាប់រយមុខ៕