ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន មានចីរភាព និង ហានិភ័យកម្រិតទាប។ បំណុលដែលកម្ពុជាជំពាក់ច្រើនជាងគេ គឺប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងបារាំង។

ទិន្នន័យត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា កម្ពុជា មានសន្និធិបំណុលសាធារណៈសរុប ១១,០៩ ពាន់លានដុល្លារ ក្នុងនោះ បំណុលក្រៅប្រទេសមានដល់ ១១ ពាន់លានដុល្លារ ស្មើនឹង ៩៩,១២ ភាគរយ និងបំណុលក្នុងស្រុកមាន ៩៨លានដុល្លារ។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងចំណោមបំណុលក្រៅប្រទេសទាំងនេះ គឺមានប្រមាណ ៦៤ភាគរយ ជាកម្ចីក្នុងក្របខ័ណ្ឌទ្វេភាគី។ ថវិកាដែលប្រមូលបាន តាមរយៈកម្ចីក្នុង និងក្រៅស្រុក រដ្ឋាភិបាល យកទៅអភិវឌ្ឍន៍វិស័យអាទិភាពនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០២៤នេះ រដ្ឋាភិបាលកម្ពុជា មានតម្រូវការហិរញ្ញប្បទាន ក្នុងទំហំ ៤,៧០ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។ ទំហំនេះ នឹងត្រូវបានគាំទ្រហិរញ្ញប្បទានក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋចំនួន ១០៨លានដុល្លារ និងហិរញ្ញប្បទាន(កម្ចី)ក្រៅប្រទេស ក្នុងទំហំ៤,៣៩ភាគរយ នៃផ.ស.ស ស្មើនឹងប្រមាណជាង ២ ០០០លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។
គួរជម្រាបដែរថា មូលបត្ររដ្ឋត្រូវបានបោះផ្សាយលក់ជាលើកដំបូងនៅឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់៣០០លានដុល្លារ តាមរយៈយន្តការដាក់ដេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា។ នៅឆ្នាំ២០២៣ តាមរយៈច្បាប់ថវិកាជាតិ រាជរដ្ឋាភិបាល បោះផ្សាយលក់មូលបត្ររដ្ឋចំនួន ២០០លានដុល្លារអាម៉េរិក។ សម្រាប់ឆ្នាំ២០២៤ គឺជាឆ្នាំទី៣ហើយ ដែលរដ្ឋសម្រេចបោះលក់មូលបត្រនេះក្នុងទំហំទឹកប្រាក់១០៨លានដុល្លារ៕