ខេត្តកែប៖ នៅក្នុងដំណើរទស្សនកិច្ចតំបន់ឧទ្យានជាតិខេត្តកែប និង កសិដ្ឋានចិញ្ជឹមគោ និងសេះ ស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៍មាន បានលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងស្រុក និងប្រជាពលរដ្ឋ ខិតខំកែច្នៃបង្កើតកន្លែងកម្សាន្ត ឬពង្រីកផ្ទៃដីដាំដំណាំផ្សេងៗឲ្យបានច្រើន ព្រោះថា នៅពេលដែលគម្រោងព្រែកជីកហ្វូណន តេជោ ដំណើរការ អ្វីៗគ្រប់យ៉ាងនៅខេត្តកែប នឹងមានតម្លៃបំផុត ដោយសារអ្នកវិនិយោគ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងហូរចូលមកកាន់តែច្រើន។

ឯកឧត្តម បានបញ្ជាក់ថា ខេត្តកែប ត្រូវបានរាជរដ្ឋាភិបាល កំណត់ជាខេត្តគោលដៅទេសចរណ៍ធម្មជាតិសម្រាកលម្ហែកម្រិតខ្ពស់។ ជាខេត្តតែមួយគត់ ដែលមានឧទ្យានជាតិនៅចំកណ្តាល មានតំបន់ប៉ូលទេសចរណ៍ចំនួន៤ មានតំបន់ក្រុងកែប ភ្នំវល្លិ៍ ឆ្នេរអង្កោល និងនៅតាមទីប្រជុំកោះ។

បច្ចុប្បន្នអាជ្ញាធរខេត្តកែប បានខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បានល្អ តភ្ជាប់ពីតំបន់ប៉ូលទេចរណ៍មួយ ទៅមួយ ដែលបង្កភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលនេះ ជាការត្រៀមខ្លួនជាស្រេចរបស់រដ្ឋបាលខេត្ត ក្នុងការចាំទទួលនូវសមិទ្ធផលពីគម្រោងព្រែកជីកហ្វូណនតេជោ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដែលព្រែកនេះ នឹងតភ្ជាប់ពីទន្លេបាសាក់ រហូតមកដល់ខេត្តកែប។ ការកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាល គឺជាការត្រៀមខ្លួនទុកជាមុនបានយ៉ាងល្អប្រសើរ ហើយជាគំនិតសុទ្ធិថិនិយម ក្រោយគម្រោងជាប្រវត្តិសាស្រ្ត សម្រេចបានការស្ថាបនា អ្វីៗនៅខេត្តកែប នឹងកាន់តែមានតម្លៃ ហើយអ្នកវិនិយោគក្នុងស្រុក និងប្រជាពលរដ្ឋ ត្រូវខិតខំប្រឹងប្រែងកែច្នៃបង្កើតកន្លែងកម្សាន្ត បង្កើនការដាំដុះឲ្យបានច្រើន ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងចូលមកកាន់តែច្រើន៕
