ភ្នំពេញ៖ មានតែការបង្កើនផលិតភាពការងារ និងកម្លាំងពលកម្មជំនាញទេ ដែលអាចធ្វើឱ្យកម្ពុជា នៅរក្សាបានភាពប្រកួតប្រជែង និងបង្កើនភាពទាក់ទាញវិនិយោគទុនបន្ថែមទៀត។ នេះជាការថ្លែងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីពេលកន្លងទៅថ្មីៗនេះ។

ឯកឧត្តមហេង សួរ ពេលនោះ បានលើកឡើងថា ផលិតភាពការងារ ដែលមានភាពទាក់ទាញវិនិយោគខ្លាំងជាងគេ គឺនៅក្នុងវិស័យឧស្សាហកម្មបែបថ្មី ដែលមិនមែនជាឧស្សាហកម្មប្រើប្រាស់កម្លាំងពលកម្មទេ តែជាឧស្សាហកម្ម ដែលត្រូវការ ការប្រើប្រាស់ជំនាញ ចំណេះដឹង បច្ចេកវិទ្យា ក៏ដូចជាផលិតផលដែលមានតម្លៃខ្ពស់សម្រាប់បង្កើតឱ្យមានតម្លៃបន្ថែមសម្រាប់ប្រជាពលរដ្ឋ។

តាមរយៈឧស្សាហកម្ម ដែលត្រូវការការប្រើប្រាស់ជំនាញ ចំណេះដឹង បច្ចេកវិទ្យា ក្រសួងការងារបានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ក្រោមប្រធានបទ «TVETរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីឲ្យសាធារណជន បានស្វែងយល់បន្ថែមអំពីជំនាញបច្ចេកទេសដែលមានតម្រូវទីផ្សារការងារខ្ពស់។

បើតាមឯកឧត្តម ហេង សួរ បានបញ្ជាក់ថា ដើម្បីឆ្លើយតប ការចង់បានរបស់វិនិយោគទុន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាឱ្យបានល្អ ដើម្បីធ្វើយ៉ាងណា ឱ្យកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ មានភាពប្រទាក់ក្រឡាគ្នា ផ្តល់ជាផលប្រយោជន៍ទៅដល់យុវជន ដែលទើបដល់វ័យចូលទីផ្សារការងារ ក៏ដូចជាផ្តល់នូវផលប្រយោជន៍ ដល់កម្មករនិយោជិត ឬកម្លាំងពលកម្មដែលស្ថិតក្នងទីផ្សារការងារស្រាប់៕