ភ្នំពេញ ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ ព្រមទាំងតំណាងមកពីគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា បានជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ជាកិច្ចចាប់ផ្តើម លោកជំទាវ និន សាផុន បានជម្រាបជូនថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលថា កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ហាប្រឈម ផែនការការងារ និងប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
លោកជំទាវ និន សាផុន បានបន្តថា កិច្ចប្រជុំនេះមិនមែនជាកិច្ចប្រជុំសួរដេញដោល ត្រួតពិនិត្យ និងអធិការកិច្ចលើស្ថាប័នរាជរដ្ឋាភិបាលនោះទេ គោលបំណងសំខាន់គឺ ឈ្វេងយល់នូវវិស័យការងារដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៩ នៃរដ្ឋសភា ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានជម្រាបជូនកិច្ចប្រជុំថា ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមានកំណើនអ្នកធ្វើដំណើរ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស។រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបន្តអនុវត្តគោលនយោបាយបើកចំហជើងមេឃ ពង្រឹងសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានជាតិ និងអន្តរជាតិ ពង្រឹងផ្នែកសេវាកម្មនាំផ្លូវអាកាស ការធ្វើទំនើបកម្មប្រព័ន្ធនាំផ្លូវហោះហើរ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងទ្វេភាគី និងពហុភាគី ព្រមទាំងបន្តការជំរុញឱ្យមានកិច្ចប្រឹងប្រែងបង្កើនការហោះហើរត្រង់មកកាន់កម្ពុជា ទាំងក្នុងតំបន់ តំបន់មជ្ឈឹមបូព៌ា និងជាពិសេសអឺរ៉ុប ការពង្រឹងក្របខ័ណ្ឌច្បាប់ បទប្បញ្ញត្តិ កិច្ចព្រមព្រៀង កិច្ចសន្យាសម្បទាន ដើម្បីជំរុញឱ្យមានកំណើនចំនួនអ្នកធ្វើដំណើរ និងទំនិញតាមផ្លូវអាកាស និងស្របតាមបទដ្ឋានរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបន្តថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានកំណត់គោលដៅច្បាស់លាស់លើការពង្រឹង និងពង្រីកកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយបណ្តាប្រទេសសំខាន់ៗជាលក្ខណៈទ្វេភាគី និងជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងដៃគូសន្ទនាអាស៊ានជាលក្ខណៈពហុភាគី។
ក្រោយពីឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈកម្មការទាំង១០របស់រដ្ឋសភារួចហើយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានថ្លែងការកោតសរសើរចំពោះរបាយការណ៍ដ៏ល្អិតល្អន់ ក្បោះក្បាយ និងការបំភ្លឺនូវសំណួរឈ្វេងយល់របស់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ជូនអង្គប្រជុំ ដែលជាធាតុចូលយ៉ាងសំខាន់សម្រាប់គណៈកម្មការជំនាញនៃរដ្ឋសភា មានមូលដ្ឋានក្នុងការបំពេញតួនាទីស្នូលសំខាន់ៗគឺតួនាទីនីតិកម្ម តួនាទីត្រួតពិនិត្យ តួនាទីជាអ្នកតំណាង និងជាពិសេសការបំពេញតួនាទីជាសេនាធិការរបស់រដ្ឋសភា។
លោកជំទាវ និន សាផុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់បំពេញការងារ និងតួនាទីប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបន្តមរតកសមិទ្ធផលនៃបិតាសន្តិភាពរបស់កម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតេជោបានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះជាតិ និងអភិវឌ្ឍន៍ប្រទេសរហូតដល់ទទួលបានឯកភាពជាតិ និងសុខសន្តិភាពពេញលេញ។ ជាពិសេស ការអនុវត្តនូវ «គោលនយោបាយ បើកចំហជើងមេឃ» របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០០២ ជាសមិទ្ធផលមិនអាចបដិសេធបានរបស់សម្តេច គឺជាជោគជ័យមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា។ ហើយបានបន្តដំណើរមកដល់សហសម័យកម្ពុជា ដែលជាយុគសម័យទំនើបនៃការបន្តដំណើររីកចម្រើនទៅមុខ ព្រមទាំងការដាក់ចេញនូវផែនការសកម្មភាពការងារ និងទិសដៅការងារបន្ត ដើម្បីឈានទៅសម្រេចបានសន្ទុះនៃកំណើនសេដ្ឋកិច្ច និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា២០៥០ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី







