ភ្នំពេញ៖ ស្របពេលតម្លៃនៃការលក់ចេញស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំ២០២៤នេះ បានងើបឡើងវិញ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៣ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ប្រមូលទិន្នផលស្ករត្នោតជាប្រភេទស្ករសម្រាប់ទីផ្សារការនាំចេញ សរុបបានចំនួន ១០០ តោន កើនឡើងខ្ពស់ជាងឆ្នាំមុន។

លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានឲ្យដឹងថា ការប្រមូលទិន្នផលស្ករត្នោតក្នុងឆ្នាំនេះ មានកំណើនល្អប្រសើរ ចំណែកតម្លៃនៃការលក់ចេញនៅទីផ្សារវិញ ក៏បានងើបឡើងល្អប្រសើរផងដែរ ជាក់ស្តែងការលក់ចេញស្ករត្នោតនៅក្នុងឆ្នាំនេះ ក្នុងមួយគីឡូស្ករត្នោត មានតម្លៃជាង ៨ ពាន់រៀល ខណៈនៅក្នុងឆ្នាំ ២០២៣ កន្លងមក ស្ករត្នោតមួយគីឡូ លក់បានជាង ៧ ពាន់រៀលតែប៉ុណ្ណោះ។

លោក បានគូសបញ្ជាក់ថា សម្រាប់ការប្រមូលផលស្ករត្នោតនៅក្នុងឆ្នាំ២០២៤នេះ ក៏មានបញ្ហាមួយចំនួនដែរ អ្នកឡើងត្នោតជួបបញ្ហា ដូចជា ការប្រែប្រួលអាកាសធាតុឆ្នាំនៅ២០២៣ ហើយក្នុងរដូវប្រាំងឆ្នាំនេះ មានសភាពក្តៅខ្លាំង និងស្របពេលដែលប្រជាកសិករ ខ្វះកំលាំងឡើងត្នោតជាដើម រួមជាមួយបញ្ហាផ្សេងៗមួយចំនួនទៀត។

គួរបញ្ជាក់ថា បើតាមប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បច្ចុប្បន្ន សមាគមមានដៃគូរប្រមូលទិញស្ករត្នោត ជាច្រើន ក្នុងនោះ ស្ករត្នោតកំពង់ស្ពឺ បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសជាច្រើន ដែលភាគច្រើនការនាំចេញស្ករសាច់ និងស្ករម៉្សៅម៉ត់។ កត្តានាំចេញទាំងនេះហើយ បានបង្ហាញនូវការចូលរួមគាំទ្រដល់សហគមន៍មូលដ្ឋាន លើកកម្ពស់កសិករអ្នកផលិតស្ករត្នោតខេត្តកំពង់ស្ពឺ ឲ្យមានលទ្ធភាព និងជីវភាពកាន់តែប្រសើរឡើង៕