Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល ផ្ដល់ព័ត៌មានបន្ថែមទៀត លើការពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបជាមួយឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ពិភាក្សាការងារ និងផ្ដល់ព័ត៌មានដើម្បីពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ស្របតាមគំនិតផ្តួចផ្តើមរវាងប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបនាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤។

ជាគោលបំណងក្នុងកិច្ចប្រជុំពិភាក្សានាឱកាសនេះ ភាគីកម្ពុជាបានផ្ដល់ជូនអំពីព័ត៌មានជាសក្ដានុពលល្អសម្រាប់ការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ជម្រាបជូនទៅកាន់ស្ថានទូតកូរ៉េប្រចាំកម្ពុជា ដើម្បីរួមគ្នាផ្សព្វផ្សាយបញ្ជ្រៀបអំពីសក្ដានុពល ការលើកទឹកចិត្តពីរដ្ឋាភិបាលកម្ពុជាចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ព្រមទាំងកិច្ចសម្របសម្រួលការងារវិនិយោគ ជូនវិនិយោគិនផងដែរ។

ក្រោយពីបានជម្រាបជូនអំពីព័ត៌មានដល់ភាគីកូរ៉េ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការសម្របសម្រួលរាល់កិច្ចការងារវិនិយោគរបស់វិនិយោគិន ហើយក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត សហការស្វែងរកវិនិយោគិនមានសក្ដានុពលពីប្រទេសកូរ៉េ ដែលមានបំណងដាក់ទុនវិនិយោគលើការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូកម្ពុជា ពិសេសក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ អញ្ជើញទៅប្រទេសកូរ៉េដើម្បីគោះទ្វារផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងការគាំទ្រពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់វិនិយោគិនកូរ៉េ។

សូមជម្រាបជូនថា កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងស្របតាមលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនាសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយឯកឧត្តម យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ដែលថ្នាក់ដឹកនាំទាំងពីរបានរំលេចផ្តួចផ្តើមឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េដែលធ្វើអាជីវកម្មរបស់ខ្លួននៅកម្ពុជា៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×