Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញានិងពិធីសារនានា ខ្ញុំសូមធ្វើការប្តេជ្ញាចិត្ត និងបង្ហាញពីឆន្ទៈដ៏ មោះមុតបំផុត ដោយតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពខ្ពស់មួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចទស្សនវិស័យច្បាស់លាស់ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយដែលគ្រឿងញៀន លែងជាឧបសគ្គនិងបញ្ហារបស់សង្គមជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា “សម្រាប់ឆ្នាំ២០២៤នេះ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀននិងឧក្រិដ្ឋកម្ម គ្រឿងញៀន (UNODC) បានកំណត់ឱ្យមានការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ – ភស្តុតាងបង្ហាញច្បាស់ថា ការវិនិយោគលើការបង្ការ គឺជាការចាំបាច់» (The Evidence is clear: Invest in Prevention) ក្នុងគោលបំណងបន្តលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន តាមរយៈ ការជំរុញ និងលើកទឹកចិត្តជនគ្រប់រូប គ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាននៃសង្គម ឱ្យចូលរួមកាន់តែសកម្មថែមទៀត ជាពិសេសលើការងារផ្សព្វផ្សាយ អប់រំ បង្ការ និងទប់ស្កាត់រាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។ ដោយឡែក ព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយបណ្តាប្រទេសជាសមាជិកទាំងអស់នៅលើសកលលោក ដោយបាន រៀបចំឱ្យមានការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទូទាំង២៥ រាជធានី ខេត្ត ក្រោមប្រធានបទ “ រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន ក្នុងគោលបំណង បន្តបំផុសនិងដាស់តឿនប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជន យុវនារី កម្មករ កម្មការនី និស្សិត និងសិស្សានុសិស្ស ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់និងស្វែងយល់កាន់តែស៊ីជម្រៅថែមទៀតអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែល បង្កឡើងដោយសារគ្រឿងញៀន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើតជាចលនាជាតិមួយ គឺចាត់ទុកបញ្ហា គ្រឿងញៀនជាបញ្ហារួម និងត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ទាំងអស់គ្នា ស្របតាមទស្សនវិស័យ«ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន» សំដៅរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ។

យោងតាមរបាយការណ៍ស្តីពី ស្ថានភាពគ្រឿងញៀនពិភពលោករបស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និន្នាការនៃការដាំដុះ ការផលិត ការចរាចរ និង ការជួញដូរគ្រឿងញៀនទាំងនៅក្នុងនិងក្រៅតំបន់ មិនទាន់មានការថយចុះឡើយ។ វិបត្តិដែលបង្កឡើងដោយជំងឺ កូវីដ-១៩ វិបត្តិជម្លោះប្រដាប់អាវុធនៅក្នុងតំបន់ សង្គ្រាមនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា មិនបានរារាំងបង្អាក់ សកម្មភាពក្រុមឧក្រិដ្ឋជនគ្រឿងញៀននោះឡើយ ផ្ទុយទៅវិញបានបង្កើតជាឱកាសសម្រាប់បង្កើនការធ្វើសកម្មភាព លួចលាក់ផលិត កែច្នៃ ចរាចរ និងជួញដូរគ្រឿងញៀនពីកន្លែងមួយទៅកន្លែងមួយ និងពីប្រទេសមួយទៅ ប្រទេសមួយទៀត ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាព និងបង្កើតសោកនាដកម្មគ្រប់បែបយ៉ាង ច្រើនរាប់មិនអស់ដល់ប្រជាពលរដ្ឋរាប់លាននាក់នៅលើសកលលោក ហើយក្នុងនោះកម្ពុជានៅតែទទួលរងឥទ្ធិពល អវិជ្ជមានទាំងនេះ ដែលបណ្តាលឱ្យករណីប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍នៅតែបន្តកើតមាន និងរីករាលដាល ដល់ជនបទផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ កន្លងទៅនេះ បទល្មើសគ្រឿងញៀនជាច្រើន ពាន់ករណីត្រូវបានបង្ក្រាប ចាប់បានគ្រឿងញៀន និងឧបករណ៍ពាក់ព័ន្ធគ្រប់ប្រភេទ ព្រមទាំងសារធាតុគីមីផ្សំ ជាច្រើនតោនត្រូវបានចាប់យក ហើយជនសង្ស័យជាច្រើនពាន់នាក់ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការដើម្បី ផ្តន្ទាទោសតាមច្បាប់។

ឆ្លើយតបនឹងបញ្ហាទាំងនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានប្តេជ្ញាចិត្តបន្តដើរតាមមាគ៌ាដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបន្តចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាទិសដៅអាទិភាព តាមរយៈការដាក់បញ្ចូលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថានគ្របដណ្តប់នៃស្នូលយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ វិធានការគន្លឹះទាំង៥ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និង ភាពសុខុដុមរមនាក្នុងសង្គមជាតិ ព្រមទាំងបានបន្តចូលរួមយ៉ាងសកម្ម ក្នុងគ្រប់យន្តការអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី ពហុភាគី នៅក្នុងអនុតំបន់ តំបន់ និងលើសកលលោក។ ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀននៃអាណត្តិថ្មីនេះ ត្រូវបានមតិជាតិនិងអន្តរជាតិទទួលស្គាល់ថាជាយន្តការដ៏រឹងមាំនិងប្រកបដោយ វិសាលភាពធំធេង តាមរយៈការធ្វើកំណែទម្រង់ក្បាលម៉ាស៊ីនដឹកនាំ ដោយមាន ឧបនាយករដ្ឋមន្ត្រីចំនួន ៤ រូប ក្នុងនោះ ១ រូបជាប្រធាន ៣ រូបជាអនុប្រធាន ទេសរដ្ឋមន្ត្រី ១ រូបជាអនុប្រធានប្រចាំការ រួមជាមួយរដ្ឋមន្ត្រី និង ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួនទៀត ជាសមាជិក និងបានបង្កើតគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនមានភាពរឹងមាំ មុតស្រួច ស៊ីជម្រៅ ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយឆ្លើយតបប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពទៅនឹងស្ថានភាពជាក់ស្តែងនៃបញ្ហាគ្រឿងញៀន ទាំងនៅកម្រិតថ្នាក់ជាតិនិងអន្តរជាតិ។

ជាមួយនឹងការបន្តអនុវត្តមរតកអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ «សម្អាតផ្ទះយើង» ដើម្បីឱ្យក្រសួង ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្សប្រកបដោយគុណាធិបតេយ្យ ភាពស្អាតស្អំ និងភាពជាគំរូ នៃការអនុវត្តច្បាប់ តាមរយៈបទបញ្ជាលេខ០១ បប ក្នុងការមានវិធានការម៉ឺងម៉ាត់ និងបទបញ្ជាដាច់ខាត ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន និងមន្ត្រី ជាប់កិច្ចសន្យា ដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀនខុសច្បាប់ ត្រូវចាត់វិធានការបញ្ចប់ មុខតំណែងនិងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ព្រមទាំងទទួលការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌ អនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ដើម្បី «សម្អាតចកកខ្វក់ចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យថ្លាជាប្រចាំ»។

ឆ្លងតាមការស្រាវជ្រាវ និងបទពិសោធកន្លងទៅទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ រួមទាំងអង្គការ សហប្រជាជាតិ បានបង្ហាញឱ្យឃើញច្បាស់ថា វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពនាបរិការណ៍បច្ចុប្បន្ន គឺការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការផ្សព្វផ្សាយ អប់រំ ដែលទាមទារឱ្យ មានការចូលរួមពីគ្រប់វិស័យជាច្រើនដូចជា វិស័យអប់រំ កីឡា សាសនា វប្បធម៌ សិល្បៈ។ល។ ការចូលរួមវិនិយោគ ពីគ្រប់វិស័យលើការងារលើកកម្ពស់ការផ្សព្វផ្សាយនិងអប់រំ គឺជាកម្លាំងចលករមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យបញ្ហាគ្រឿងញៀនលែងជាឧបសគ្គរារាំងក្នុងការអភិវឌ្ឍសង្គមជាតិ ដែលឆ្លើយតបទៅនឹងប្រធានបទគោល របស់អង្គការសហប្រជាជាតិគឺ « ភស្តុតាងបង្ហាញច្បាស់ថា ការវិនិយោគលើការបង្ការ គឺជាការចាំបាច់»។

តាងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ដែលបានយកអស់កម្លាំងកាយចិត្តរៀបចំទិវាអន្តរជាតិនេះឡើង ទាំងថ្នាក់ជាតិ និងបណ្តាខេត្តនានា ទូទាំងប្រទេស ព្រមទាំងសូមកោតសរសើរដល់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត គ្រឹះស្ថាន សហគ្រាស រដ្ឋនិងឯកជនទាំងអស់ ដែលបានផ្តល់កិច្ចសហការគាំទ្រ ចូលរួម និងប្រារព្ធទិវានេះ ទាំងនៅរាជធានីនិងបណ្តាខេត្ត ហើយខ្ញុំក៏សូមយកឱកាសនេះ ធ្វើការណែនាំនិងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធដូចតទៅ៖

១. ចូលរួមផ្សព្វផ្សាយ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ និយោជិត និយោជក វិស័យឯកជន និងសាធារណជនទូទៅ ឱ្យបានយល់ដឹងស៊ីជម្រៅកាន់តែច្បាស់អំពីផលប៉ះពាល់ គ្រោះថ្នាក់ និងវិនាសកម្មនៃគ្រឿងញៀន ដោយ «ត្រូវនិយាយថាទេដាច់ខាតចំពោះគ្រឿងញៀន»។

២. ចូលរួមទាញយក និងប្រើប្រាស់ឱ្យបានទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ដើម្បីទទួលបានការអប់រំ ខ្លឹមសារមេរៀន ព័ត៌មាន សេវាព្យាបាលនិងស្តារនីតិសម្បទា និង ធ្វើការរាយការណ៍មកសមត្ថកិច្ចក្នុងករណីមានការប្រើប្រាស់ ឬចែកចាយគ្រឿងញៀនក្នុងសហគមន៍។ ៣. លើកទឹកចិត្តវិស័យឯកជនទាំងអស់ ចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាល លើការងារលើកកម្ពស់ ការផ្សព្វផ្សាយនិងអប់រំ តាមគ្រប់មធ្យោបាយនិងគ្រប់រូបភាព។

៤. បន្តអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីផ្ទៃបឹង» ដោយត្រូវបង្កើន ការត្រួតពិនិត្យជាប្រចាំមន្ត្រីនៃក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានវិធានការម៉ឺងម៉ាត់ចំពោះការពាក់ព័ន្ធ នឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ទំនុកចិត្ត ប្រសិទ្ធភាពការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ។ ៥. គណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវបន្តពង្រឹងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព» ដោយត្រូវលុបបំបាត់ការចែកចាយនិងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ជាពិសេសតាមក្លឹបកម្សាន្ត និងទីតាំងសប្បាយដ្ឋាននានា ដោយត្រូវឈរលើស្មារតី ៣ កុំ និង ១រាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×