ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដដឹកកម្មកររោងចក្របណ្ដាលឲ្យរងរបួសបងប្អូនកម្មករ កម្មការិនី ៦៣នាក់ នាព្រឹកថៃ្ងទី២៥ មិថុនា ២០២៤ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មូលហេតុបឋម : តាមសេចក្ដីរាយការណ៍ថាមកពីរថយន្ដបុករថយន្ដពីក្រោយរួចគេចទៅបុកម៉ូតូមួយគ្រឿងទៀតរួចក្រឡាប់តែម្ដង (អាចបណ្ដាលមកពីគេច .,)។
អ្នករងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ នៅក្នុងហេតុការណ៍នេះបណ្តាលឲ្យមានកម្មកររងរបួសធ្ងន់ស្រាលចំនួន ៦៣នាក់ ស្រី ៥៦នាក់ ក្នុងនោះមាន ៖ របួសធ្ងន់ចំនួន ២៣នាក់។ របួសស្រាលចំនួន ៤០នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំពោះបុគ្គលជាម្ចាស់រថយន្ដ និងជាអ្នកបើកបររថយន្ដដឹកកម្មករ កម្មការិនីដែលបានបង្កគ្រោះថ្នាក់កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៦ និង២៥នាទី លើផ្លូវជាតិលេខ៤(៣៥-៣៦) ចំណុចភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ដោយកត្តាឆ្វេសប្រហែស និងជាការទទួលខុសត្រូវទាំងស្រុងចំពោះអ្នកដំណើរដែលជាអ្នកជិះរថយន្ដរក្សាកម្រៃសេវាឈ្នួលរបស់ខ្លួនជ្រាបថា៖ ដោយបានពិនិត្យនិងបានវាស់វែងស្រាវជ្រាវលើលក្ខណៈបច្ចេកទេសយានយន្ដក្នុងពេលបង្កគ្រោះថ្នាក់ ជំនាញចរាចរណ៍កំណត់បានថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្ដាលមកពីកត្ដាឆ្វេសប្រហែសរបស់អ្នកប្រើប្រាស់យាន ដូច្នេះសូមបុគ្គលដែលមានឈ្មោះ តន សុខទីន ( TON SOKTIN ) អត្ដសញ្ញាណប័ណ្ណលេខ 031012772 នៅភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ចេញមុខមកទទួលខុសត្រូវលើការផ្ដល់សំណង រ៉ាប់រងថ្លៃព្យាបាលជម្ងឺជូនអ្នករងគ្រោះតាមផ្លូវច្បាប់។
ករណីមិនចេញមុខមកដោះស្រាយ សមត្ថកិច្ចនិងបន្ដនីតិវិធីអនុវត្តតាមផ្លូវតុលាការ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី