ភ្នំពេញ៖ កម្ពុជា គ្រោងនឹងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែងជំហានទី២ និងបើកការដ្ឋានសាងសង់ជំហានទី ៣» នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ថា បន្ទាប់ពីគម្រោងសាងសង់ជំហានទី៣នេះ ត្រូវបានបញ្ចប់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នឹងមានសមត្ថភាពផលិតទឹកស្អាត បានចំនួនប្រមាណ ១៩ ម៉ឺន ៥ពាន់ម៉ែត្រគូប បន្ថែមទៀតក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទឹកស្អាតប្រចាំថ្ងៃពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលចេះតែបន្តកើនឡើងជាលំដាប់។

ឯកឧត្តម ហែម វណ្ណឌី ដែលជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងនាឱកាសនោះដែរថា បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចផលិតទឹកស្អាតបាន ចំនួនប្រមាណ ៩៨ម៉ឺន ២ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ, ដែលបរិមាណនេះ អាចឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់បង-ប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។

កម្ពុជា គ្រោងនឹងចំណាយថវិកាសរុបចំនួនប្រមាណ ៦៦០លានដុល្លារអាម៉េរិក ក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ទាំង៣ជំហាន, ដែលក្នុងនោះ រួមមាន៖ ឥណទានសម្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំនួន ៤១០លានដុល្លារអាម៉េរិក, ឥណទានសម្បទានពីធនាគារវិនិយោគអឺរ៉ុប (EIB) ចំនួន ១០០លានដុល្លារអាម៉េរិក, ហិរញ្ញប្បទានឥតំណងពីសហគមន៍អឺរ៉ុប (EU) ចំនួន ២៦លានដុល្លារអាម៉េរិក និងថវិកាបដិភាគពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ១២៤លានដុល្លារអាម៉េរិក។

បើតាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រកាសថា ការដាក់ឲ្យដំណើរការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជំហានទី២ នាពេលនេះ គឺជាការបិទបញ្ចប់ទាំងស្រុងនូវបញ្ហាកង្វះទឹកស្អាត នៃផ្ទៃសេវាគ្របដណ្តប់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលធ្លាប់បានកើតមានដោយអន្លើនាពេលកន្លងទៅ នៅក្នុងភូមិសាស្ត្រខ្លះនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីធានានូវការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ និងគ្រប់ពេល, ជាមួយនឹងការផ្តល់នូវសេវាល្អ និងរហ័ស។

គួរបញ្ជាក់ដែរថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) បានសហការផ្ដល់ហិរញ្ញប្បទានដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីអនុវត្តគម្រោងសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ រហូតសម្រេចបានជាផ្លែផ្កា ហើយបានឈានទៅបើកការដ្ឋានសម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលគ្រោងនឹងបញ្ចប់នៅត្រីមាសទី៣ ឆ្នាំ២០២៧ ខាងមុខនេះ៕



