ភ្នំពេញ៖ ក្រុមហ៊ុនធំៗចំនួន ៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុប ៤៥៤ កន្លែង ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកស្រី ជូន រតនា Junior Executive Recruitment របស់ក្រុមហ៊ុនឯកជនមួយ បានលើកឡើងថា វិស័យឯកជន ពិតជារីករាយក្នុងការសហការជាមួយ NEA ក្នុងការជ្រើសរើសរើសបុគ្គលិកកន្លងមក ដោយសារអាចជ្រើសរើសបាននូវបេក្ខជនល្អៗ និងមានសមត្ថភាពសម្រាប់ក្រុមហ៊ុន។ ដូច្នេះ ប្រសិនបើ យុវជន សិស្ស/និស្សិតមានបំណងចង់ស្វែងរកការងារធ្វើ សូមកុំភ្លេចនឹកឃើញដល់ NEA មុនគេ ព្រោះ NEA ជាកន្លែងដែលប្រមូលផ្តុំព័ត៌មានឱកាសការងារយ៉ាងសំបូរបែប។

លោកស្រី បានអំពាវនាវចំពោះយុវជនដែលចង់ស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមតាមដានទំព័រ Facebook ឬ Telegram Channel របស់ NEA និង កុំភ្លេចមកចូលរួមនៅវេទិការងារការងារនាថ្ងៃទី២៧ ខាងមុខនេះឱ្យបានច្រើនកុះករ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្រាប់ព័ត៌មានបន្ថែម យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ របស់ NEA តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)សម្រាប់ព័ត៌មានបន្ថែម៕





