Thursday, February 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ និងអគ្គលេខាធិការសេវាការងារ និងមុខរបរកូរ៉េ បេ្តជ្ញាពីការបន្តលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពវិស័យការងារនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងដើរតួរនាទីយ៉ាងសំខាន់បំផុតមួយនៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដើម្បីជួយជ្រោមជ្រែងសេដ្ឋកិច្ចជាតិ ឱ្យសម្រេចបាននូវចក្ខុវិស័យកា្លយជាប្រទេសដែលមានចំណូលមធ្យមកកម្រិតខ្ពស់ និងក្លាយជាប្រទេសមានចំណូលខ្ពស់។

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសដែលឯកឧត្តម បានជួបពិភាក្សាការងារជាមួយ លោក KIM DAEHWAN អគ្គលេខាធិការ និងជានាយកប្រតិបត្តិសេវាការងារ និងមុខ របរកូរ៉េ នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

ជំនួបនេះ មានគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសេវាការងារ និងមុខរបរកូរ៉េ(KLES) លើការអនុវត្តគម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣ – ២០២៥ និងគម្រោងពាក់ព័ន្ធផ្សេងៗនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េដែលបានផ្តល់កិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងប្រឹក្សាគោលនយោបាយវិស័យការងារដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២៣ ដើម្បីជំរុញការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការជំនាញរបស់ក្រសួង ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរបន្ថែមទៀត។

ទន្ទឹមនឹងនេះ លោក KIM DAEHWAN  បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានគាំទ្រគម្រោងនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានចុះហត្ថលេខាកន្លងទៅថ្មីៗនេះដើម្បីជួយវិស័យការងារនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យស្របទៅតាមចក្ខុវិស័យរបស់ក្រសួងក៏ដូចជារាជរដ្ឋាភិបាល។

ជាមួយគ្នានេះ អគ្គលេខាធិការ និងជានាយកប្រតិបត្តិសេវាការងារ និងមុខរបរកូរ៉េ នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានរីករាយស្វាគមន៍ និងបន្តគាំទ្រចំពោះកិច្ចសហប្រត្តិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែជោគជ័យបន្ថែមទៀត ឱ្យស្របទៅនឹងកម្រិតនៃទំនាក់ទំនងដែលរដ្ឋាភិបាលទាំងពីរបានកសាងនិងពូនជ្រុំយ៉ាងល្អតាំងពីដើមមក៕