ភ្នំពេញ៖ ការសាកល្បងដំណើរការរថភ្លើងនៅតាមបណ្តោយផ្លូវដែកប្រវែង២៦៦ គីឡូម៉ែត្រ ភ្នំពេញ-ព្រះសីហនុ ត្រូវបានពិនិត្យយ៉ាងល្អិតល្អន់នូវទិដ្ឋភាពផ្សេងៗនៃប្រព័ន្ធផ្លូវដែក។ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ គិត ម៉េង បានប្រកាសពីការបញ្ចប់ការសាកល្បងដំណើរការរថភ្លើងដោយជោគជ័យ ដែលទើបនាំចូលលើខ្សែរត់ភ្នំពេញ-ព្រះសីហនុ សម្រាប់ការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។

ទូរថភ្លើងប្រភេទ Kiha 182-183 ពីរគ្រឿងចុងក្រោយ បានបញ្ចប់ការសាកល្បងដោយជោគជ័យ ហើយបានមកដល់ស្ថានីយ៍ភ្នំពេញ។ ក្រុមហ៊ុន Royal Railway បានធ្វើតេស្តយ៉ាងល្អិតល្អន់នូវប្រព័ន្ធសុវត្ថិភាព កង់ ហ្វ្រាំង ម៉ាស៊ីនត្រជាក់ ទ្វារ ជណ្តើរអ្នកដំណើរ និងឧបករណ៍ផ្សេងទៀតទាំងអស់។ ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ត្រូវបានធ្វើឡើងលើសុវត្ថិភាពផ្លូវថ្នល់ រួមទាំងការឆ្លងកាត់ ដើម្បីធានាបាននូវកម្រិតខ្ពស់បំផុតនៃសុវត្ថិភាព និងភាពងាយស្រួលសម្រាប់អ្នកដំណើរមុនពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ បច្ចុប្បន្នក្បាលរថភ្លើង Kiha-183 DMU (Diesel Multiple Unit) ដែលទិញពីប្រទេសជប៉ុន កំពុងត្រូវបានតុបតែង និងលាបពណ៌ដោយបន្ថែមនិមិត្តសញ្ញា។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានមានប្រសាសន៍ថា ទូរថភ្លើងថ្មីនេះ នឹងធ្វើឲ្យសេវារថភ្លើងរបស់ប្រទេសកម្ពុជា មានភាពល្អប្រសើរឡើង និងពង្រឹងវិស័យដឹកជញ្ជូននៅកម្ពុជា។ ក្រុមការងាររបស់ក្រុមហ៊ុន បានចុះពិនិត្យការរត់ការសាកល្បង បន្ទាប់ពីបានកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពីស្តង់ដារផ្លូវដែកជប៉ុនមកស្តង់ដារផ្លូវដែកនៅកម្ពុជា។

លោក បានបន្តថា “ការបញ្ចប់ការសាកល្បងដំណើរការដោយជោគជ័យលើខ្សែរថភ្លើងភ្នំពេញ-ព្រះសីហនុនេះ គឺជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន និងការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ការដឹកជញ្ជូនផ្លូវដែកនៅកម្ពុជា”។ លោក បានបន្ថែមថា ខ្សែរថភ្លើងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងប្រជាជនរវាងរាជធានី និងតំបន់ឆ្នេរ។

គួរបញ្ជាក់ថា កម្ពុជាមានផ្លូវដែកចំនួនពីរខ្សែរ ដោយចាប់ផ្តើមនៅក្នុងសម័យអាណានិគមបារាំង។ ផ្លូវដែកភាគខាងត្បូងត្រូវបានសាងសង់នៅចន្លោះឆ្នាំ១៩៦០ ដល់១៩៦៩ និងមានប្រវែង ២៦៤គីឡូម៉ែត្រ។ ចំណែកឯ ផ្លូវដែកភាគខាងជើងមានប្រវែង៣៨៦ គីឡូម៉ែត្រពីភ្នំពេញទៅប៉ោយប៉ែត។ ផ្លូវដែកកម្ពុជា ត្រូវបានជួសជុលឡើងវិញ មុននឹងបើកសេវាដឹកជញ្ជូនផ្លូវដែកនៅកម្ពុជា កាលពីឆ្នាំ២០១០កន្លងទៅ៕

