ភ្នំពេញ៖ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គឺជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរពីបណ្ដាប្រទេសនានា ជាមួយនឹងប្រទេសកម្ពុជា និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរលេងកំសាន្តរបស់ភ្ញៀវទេសចររវាងកំពង់ផែនេះ និងតំបន់កោះនានា នៃប្រទេសកម្ពុជា ព្រមទាំងផ្តល់ឱកាសការងារ និងប្រាក់ចំណូលសម្រាប់កំណើនសេដ្ឋកិច្ចជាតិ។

តំណាងរាជរដ្ឋាភិបាល ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីប្រតិបត្តិការ និងការថែទាំកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ឲ្យទៅឧកញ៉ា លឹម ប៊ុនសួរ ដែលជាអគ្គនាយកក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក (AZ Builders Co., Ltd.) ដើម្បីផ្ដល់សិទិ្ធឱ្យទៅក្រុមហ៊ុន ប្រតិបត្តិការវិនិយោគ គ្រប់គ្រងធ្វើប្រតិបត្តិការ និងថែទាំ។ ក្រុមហ៊ុននេះ ត្រូវរៀបចំដំណើរការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែសាកល្បង នៅក្នុងត្រីមាសទី៣ និងអនុវត្តការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែពេញលេញ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤នេះ។

តាមរយៈការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ ក្រុមហ៊ុន AZ Builders Co., Ltd នឹងសហការល្អជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់បម្រើផលប្រយោជន៍របស់ប្រទេសជាតិ។
គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ មានទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារអាម៉េរិក ជាឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ដែលជាអំណោយរបស់អ្នកឧកញ៉ា វិញ ហួរ ជូនរាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ ដែលបានសាងសង់រួចរាល់ជាស្ថាពរ រួមមាន៖ ចំណតនាវា អគាររដ្ឋបាល ស្ថានីយអ្នកដំណើរ អគារបច្ចេកទេស ផ្លូវបេតុងចូលកំពង់ផែប្រវែង ២,៤០គីឡូម៉ែត្រ បណ្តាញអគ្គិសនី ទឹកស្អាត របង ប៉ុស្តិ៍យាម ផ្លូវក្នុងបរិវេណកំពង់ផែ ចំណតរថយន្ត សួនច្បារ ស្រះទឹក កន្លែងទុកដាក់សំរាម និងការបំពាក់ឧបករណ៍សម្ភារៈចាំបាច់មួយចំនួន ដើម្បីធានាដល់ប្រតិបត្តិការរបស់កំពង់ផែ៕