Wednesday, July 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បច្ចុប្បន្ន បានប្រើប្រាស់ថាមពលស្អាតចំនួនជាង៦២ ភាគរយនៃការប្រើប្រាស់ថាមពលសរុបទូទាំងប្រទេស

spot_img

ភ្នំពេញ៖ ថាមពលស្អាត មានដូចជា ថាមពលដែលបានមកពីពន្លឺព្រះអាទិត្យ ខ្យល់ និងវារីអគ្គិសនី។ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានលើកឡើងក្នុងបណ្តាញសង្គមថា “កម្ពុជាកំពុងផលិតថាមពលពីប្រភពថាមពលកកើតឡើងវិញមួយចំនួន ដែល​យើងត្រូវតែអភិវឌ្ឍប្រភពថាមពលស្អាតបន្ថែមទៀត ដើម្បីគាំទ្រអនាគតថាមពលប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា។

សូមជម្រាបថា គម្រោងវិនិយោគថ្មី ០១កន្លែងទៀត​ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានអនុម័តកាលពីខែឧសភា ឆ្នាំ២០២៤ ដើម្បីវិនិយោគគម្រោងស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់​ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនី​ ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ​ ឃុំក្បាលទឹក​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង។

កម្ពុជាកំពុងពន្លឿនការផ្លាស់ប្តូររបស់ខ្លួនក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើង និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យថាមពលស្អាតក្លាយជាជម្រើសវិនិយោគដ៏ល្អផងដែរ។

បើតាមឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ថាមពលស្អាតមានចំនួនជាង៦២ ភាគរយនៃការប្រើប្រាស់ថាមពលសរុបរបស់ប្រទេសកម្ពុជា ហើយកម្ពុជានៅតែបន្តជំរុញឱ្យមានការប្រើប្រាស់ថាមពលស្អាតនៅក្នុងបណ្តាញអគ្គិសនីកាន់តែច្រើនឡើង។

ឯកឧត្តម បានបន្តថា ថាមពលស្អាត កំពុងទាក់ទាញការវិនិយោគថ្មីមកកាន់ប្រទេស ដោយឯកឧត្តម បានផ្តល់នូវព័ត៌មាននាពេលថ្មីៗនេះថា ក្រុមហ៊ុន MinebeaMitsumi ជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់របស់ជប៉ុន បានសម្រេចចិត្តពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជា។

ឯកឧត្តម បានបន្តទៀតថា ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០៣០ យើងត្រូវបង្កើនការវិនិយោគលើប្រភពថាមពលកកើតឡើងវិញ ដូចជា ថាមពលពន្លឺព្រះអាទិត្យ ខ្យល់ និងវារីអគ្គិសនី ដើម្បីធ្វើឱ្យការប្រើប្រាស់ថាមពល មានស្ថិរភាពដោយធានាថាតម្លៃអគ្គិសនីសម្រាប់គ្រួសារ និងវិស័យផលិតកម្មមិនមានតម្លៃថ្លៃ”។

យោងតាមក្រសួងរ៉ែ និងថាមពល គិតត្រឹមឆ្នាំ២០២៣ ៩៨.២៧ ភាគរយនៃភូមិសរុបចំនួន ១៤.១៦៨ នៅក្នុងប្រទេសកម្ពុជា មានអគ្គិសនីប្រើប្រាស់ ខណៈកម្ពុជា បច្ចុប្បន្ន មានសម្ថភាពផលិតថាមពលប្រមាណ ៤,០០០ មេហ្គាវ៉ាត់ ក្នុងមួយឆ្នាំ ប៉ុន្តែការប្រើប្រាស់ប្រចាំឆ្នាំមានប្រមាណ ២,៤០០ មេហ្គាវ៉ាត់។ ដូច្នេះ កម្ពុជា កំពុងពិចារណានាំចេញថាមពលទៅកាន់ប្រទេសផ្សេងទៀត ក្នុងតំបន់នាពេលខាងមុខនេះ៕

spot_img
×