សៀមរាប៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានថ្លែងថា TVET សម្រាប់យើងទាំងអស់គ្នា មន្ត្រីរាជការក៏គាត់អាចមករៀនបាន ប៉ូលិស ទាហាន ក៏អាចមករៀនបាន បុគ្គលិកក្រុមហ៊ុនឯកជន បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអីសុទ្ធតែរៀនបានទាំងអស់។ ព្រោះ TVET ជាកន្លែងដែលផ្តល់ជំនាញវិជ្ជាជីវៈ ជាកន្លែងពង្រឹងជំនាញ ហើយជាកន្លែងសម្រាប់បងប្អូនដែលចង់ផ្លាស់ប្តូរជំនាញផងដែរ។ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាកន្លែងសម្រាប់ពលរដ្ឋគ្រប់រូបដែលចង់បានចំណេះជំនាញពិតប្រាកដ ចង់ពង្រឹងសមត្ថភាព ឬចង់ផ្លាស់ប្តូរឱកាសការងារ ពោលគឺមិនមែនសម្រាប់តែយុវជនគោលដៅនោះទេ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបប ភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នាព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ឯកឧត្តម រដ្ឋមន្ត្រីលើកឡើងថា សម្រាប់រាជរដ្ឋាភិបាលអណត្តិទី៧នេះ បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្នុងរយៈពេល៥ឆ្នាំ ដល់យុវជនចំនួន១លាន៥សែននាក់។ តាមរយៈកម្មវិធីនេះ យុវជនគ្រប់រូបពួកគាត់ទទួលបាននូវការរៀនជំនាញដោយមិនគិតថ្លៃ លើកឡើងតែយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ដែលពួកគាត់ទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយទទួលបាននូវការឧបត្ថម្ភបន្ថែមនូវទឹកប្រាក់មួយខែ២៨ម៉ឺនរៀលទៀត។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា បើទោះជាយ៉ាងនេះក្តី ការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មិនមែនធ្វើឡើងសម្រាប់យុវជនគោលដៅប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះ បង្កើតឡើងសម្រាប់ពលរដ្ឋគ្រប់រូប មិនថា មន្ត្រីរាជការ បុគ្គលិកវិស័យឯកជន ឬម្ចាស់អាជីវកម្មផ្សេងៗនោះទេ ពួកគាត់សុទ្ធតែមានឱកាសមកទទួលការបណ្តុះបណ្តាលជំនាញនេះទាំងអស់។

ក្នុងឱកាសនោះដែរឯកឧត្តម ហេង សួរ ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសអាជ្ញាធរឃុំសង្កាត់ ត្រូវខិតខំពន្យល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យពួកគាត់បានយល់អំពីកម្មវិធីបណ្តុះបណ្តាល វិជ្ជាជីវៈ TVETនេះ ព្រោះមានតែអាជ្ញាធរមូលដ្ឋានទេដែលដឹងអំពីសុខទុក្ខពលរដ្ឋច្បាស់ជាងគេ។

សូមជម្រាបថា សម្រាប់ខេត្តសៀមរាប មានវិទ្យាស្ថានចំនួន២ កំពុងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននៅក្នុងខេត្តសៀមរាប។ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានឲ្យដឹងថា វិទ្យាស្ថានទាំង២ បានបណ្តុះបណ្តាលលើយុវជនបានប្រមាណជាងមួយពាន់នាក់ ដែលចំនួននេះ វាមិនទាន់ឆ្លើយតបទៅនឹងចំនួនយុវជនដែលមានប្រមាណ៥០ភាគរយនៃចំនួនប្រជាពលរដ្ឋក្នុងខេត្តសរុបជិត១លាន២សែននាក់នោះទេ។ លោកអភិបាលរងខេត្តសៀមរាប បានធ្វើការជំរុញដល់ដល់អាជ្ញាធរមូលដ្ឋានត្រូវខិតខំជំរុញបន្ថែមទៀត ដើម្បីពិនិត្យលើយុវជនដែលមិនទាន់មានការងារធ្វើ ដើម្បីឲ្យពួកគាត់មានឱកាសមានការងារធ្វើ ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់៕
