ភ្នំពេញ៖ ដើម្បីលើកកម្ពស់ផលិតភាពភាពនៃការនាំចេញកសិផល និងការដាំដុះវិស័យកសិកម្មនៅកម្ពុជា វិស័យឯកជនដែលមានលោកឧកញ៉ាបណ្ឌិត ឈិន កេន ជាអ្នកសម្របសម្រួលទីផ្សារនាំចេញផ្លែមៀនស្រស់របស់កម្ពុជា និងជាតំណាង ទីផ្សារអនឡាញ Alibaba នៅកម្ពុជា កំពុងរៀបចំផែនការសកម្មភាព ជំរុញទីផ្សារនាំចេញផ្លែមៀនស្រស់របស់កម្ពុជាទៅកាន់ទីផ្សារចិន និងទីផ្សារក្រៅប្រទេសផ្សេងៗ ទៀតឱ្យបានកាន់តែច្រើន ។

លោកឧកញ៉ាបណ្ឌិត ឈិន កេន បានលើកឡើងពីយុទ្ធសាស្រ្តនៃការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅក្រៅប្រទេស នេះថា បន្ទាប់ពីកម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឃើញថា ប្រជាជនចិនបានគាំទ្រជាច្រើន បន្ទាប់ពីបានភ្លក្សនូវរសជាតិផ្លែមៀនរបស់កម្ពុជា ដែលមានរសជាតិដ៏ឆ្ងាញ់ពិសារ និងស្របពេលការគាំទ្រតាមផេកទីផ្សារអនឡាញរបស់ Alibaba បានកំពុងកើតឡើងយ៉ាងផុលផុសផងដែរ។

លោកឧកញ៉ាបណ្ឌិត បន្តថា បញ្ហានេះ ក្រុមការងារទាក់ទងនិងការនាំចេញផ្លែមៀន បានកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងតាមយុទ្ធសាស្រ្តផ្សេងៗ ធ្វើយ៉ាងណាជំរុញចេញផ្លែមៀនស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារចិនឲ្យបានច្រើន ស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងគោលដៅពង្រីកទៅកាន់ទីផ្សារផ្សេងៗទៀត ដើម្បីចូលរួមលើកកម្ពស់ផលិតភាពភាពនៃការនាំចេញកសិផល ជាពិសេសការលើកកម្ពស់ដល់កសិករដែលជាអ្នកដាំដុះ មានលទ្ធភាពថែទាំ និងពង្រីកមុខរបររបស់ពួគគាត់ឲ្យកាន់តែធំ និងកាន់តែប្រសើរ។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញកសិផលសរុបជាង ៥,៧ លានតោន ដែលមានទំហំទឹកប្រាក់ប្រមាណជិត ២ ៧០០លានដុល្លារអាមេរិក ក្នុងនោះសម្រាប់ការនាំចេញផ្លែមៀនស្រស់ ទៅកាន់ទីផ្សារក្រៅប្រទេស មានចំនួនជាង ១៤ពាន់តោន កើនឡើង ១២៣ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនិងឆ្នាំ២០២៣កន្លងទៅ៕
