កំពត៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពត ពិសេសក្រុងកំពត មានការអភិវឌ្ឍរីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជាច្រើន ដែលធ្វើឱ្យមានកំណើនភ្ញៀវទេសចរហក់ឡើងខ្ពស់។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤នេះ ខេត្តកំពត បានទទួលទេសចរជាង ១លាន ៣សែននាក់ ហើយចំនួនភ្ញៀវទេសចរនេះ នឹងបន្តកើនឡើងបន្ថែមទៀត ដោយសារតែការអភិវឌ្ឍខេត្តនៅតែបន្តឥតឈប់ឈរ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានលើកឡើងថា សម្រាប់ឆមាសទី១ ឆ្នាំ២០២៤នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបជាង ១លាន ៣សែននាក់ កើនឡើង ២៩,៩៩% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣ ខណៈដែលភ្ញៀវបរទេសមានចំនួន ៦ម៉ឺន ២ពាន់នាក់។

លោកប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរដែលចេះតែកើនឡើង មន្ទីរបានដាក់ចេញនូវយន្តការពង្រឹងធនធានមនុស្ស និងស្តង់ដានៃគុណភាពសេវាកម្ម ដល់អ្នកផ្តល់សេវាកម្មទេសចរណ៍នៅក្នុងខេត្តឱ្យមានការយកចិត្តទុកបម្រើភ្ញៀវទេចរ ឲ្យកាន់តែល្អប្រើសើរថែមទៀត។

ខេត្តកំពត មានសមិទ្ធផលថ្មីជាច្រើន បាននិងកំពុងលេចចេញជារាងជាបន្តបន្ទាប់ ហើយក្នុងនោះ គម្រោងកែលម្អសោភ័ណភាពក្រុង ក៏កំពុងមានភាពទាក់ទាញ និងលេចធ្លោយ៉ាងខ្លាំង ពិសេសរូបសំណាកត្រីសេះសមុទ្រ ដែលជាសមិទ្ធផលឯករបស់ខេត្ត ហើយក៏កំពុងល្បីល្បាញនៅក្នុងតំបន់ និងទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិជាច្រើននាក់។

គួរបញ្ជាក់ថា បើតាមការបញ្ជាក់របស់អភិបាលខេត្តកំពត នៅពេលខាងមុខដ៏ខ្លីនេះ រដ្ឋបាលខេត្ត នឹងរៀបចំគម្រោងស្ថាបនាឆ្នេរខ្សាច់សមុទ្រកម្សាន្តដ៏ទាក់ទាញមួយបន្ថែមទៀត ដែលនៅទីតាំងនោះ ភ្ញៀវទេសចរអាចមើលឃើញទេសភាពកោះត្រល់ ឧទ្យានជាតិខេត្តកែប និងឧទ្យានជាតិព្រះមុនីវង្សបូកគោផងដែរ ចំពោះការស្ថាបនា នឹងចាប់ផ្តើមនៅឆ្នាំនេះ ខណៈដែលនាឡិកាយក្យ និងខ្ពស់ជាងគេនៅកម្ពុជា និងលេចចេញរូបរាងក្នុងពេលឆាប់ៗខាងមុននេះ នៅមាត់ព្រែកត្រើយខាងត្បូងក្នុងសង្កាត់ត្រើយកោះ ខាងមុខសាលាខេត្តថ្មីតែម្តង៕




