ខេត្តកំពង់ចាម : ទីលានចាក់សំរាមថ្មីដែលមានទំហំជាង១៨ហិកតាស្ថិតនៅឆ្ងាយពីភូមិឋានប្រជាពលរដ្ឋប្រមាណ៦គីឡូម៉ែត្រ ក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម, មកដល់ពេលនេះ ដំណើរការស្ថាបនាផ្លូវបេតុងសម្រាប់ចេញចូលរួចរាល់ ដើម្បីងាយស្រួលរថយន្តបើកចូលចាក់សំរាម ដោយប្រែក្លាយទៅជាជីកំប៉ុស សម្រាប់ដំណាំកសិកម្ម ដែលមានលក្ខណៈស្តង់ដារទំនើប ជាមួយនោះមានអាងចម្រុះទឹកកខ្វក់ ព្រមទាំងមានប្រឡាយជុំវិញមិនឱ្យហូរចូលស្រែប៉ះពាល់ផលដំណាំស្រូវរបស់ពលរដ្ឋទេ, នេះគឺជាសមិទ្ធផលថ្មីមួយទៀត ប្រយោជន៍ធ្វើឲ្យក្រុងកំពង់ចាម គ្មានសំរាម និងមានសោភ័ណភាពសម្រាប់ទាក់ទាញភ្ញៀវមកលេងកំសាន្ត។
លោក ផន ផូ មេឃុំកោះរកាមានប្រសាសន៍ឲ្យដឹងថា: ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តរួមនិងសហការីជាច្រើននាក់បានអញ្ជើញចុះពិនិត្យមើលការអភិវឌ្ឍន៍នៃទីលានចាក់សំរាម ដែលមានលក្ខណៈស្តង់ដារទំនើប នាព្រឹកថ្ងៃទី ៤កក្កដា ឆ្នាំ២០២៤ គឺសំណង់អាគារបេតុងជាច្រើនខ្នង ហើយក្រុមជាងកំពុងតែបើមានញឹកញាប់ដៃជើងធ្វើយ៉ាងណាឲ្យទាន់ផែនការដែលបានកំណត់ ហើយនៅតំបន់នោះមិនមានលំនៅដ្ឋានពលរដ្ឋទេគឺមានតែដំណាំស្រូវតែប៉ុណ្ណោះ។
លោកមេឃុំកោះរកា មានប្រសាសន៍បន្តថា ពេលណាសំរាមចាក់ចូលក្នុងអាងស្តុកបានជាច្រើនតោននោះមានក្រុមបច្ចេកទេសសម្រាប់កែច្នៃសំរាមដោយធ្វើការញែកទៅតាមប្រភេទនីមួយៗខ្លះជាអាចយកមកផលិតជីកំប៉ុសសម្រាប់កសិករយកទៅដាក់ផលដំណាំដូចជាស្រូវនិងដំណាំរួមផ្សំផ្សេងទៀតដោយមិនប៉ះពាល់សុខភាពគឺធ្វើឲ្យទិន្នផលបានខ្ពស់។
មានអាងសម្រាប់ចម្រុះទឹកសម្អុយដែលហូរចេញពីសំរាមក្នុងនោះអាងទឹកចុងក្រោយគេគឺជាប្រភេទទឹកស្អាត ដែលយើងស្ទើរតែអាចយកមកផឹកបាន។ គួរបញ្ជាក់ថា គម្រោងសាងសង់ទីលានចាក់សំរាមថ្មីនេះក្នុងជំហានដំបូងបាននឹងកំពុងដំណើរការ លើផ្ទៃដី ទំហំ ៨.១៣ ហិកតា ក្នុងនោះ ទីលានទុកដាក់សំរាមទំហំ ១.៣ ហិកតា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ចំនួន ៤អាង សាងសង់ផ្លូវចូលទីលានចាក់សំរាម ១ខ្សែប្រវែងជាង ២,០០០ម៉ែត្រ និងសាងសង់ផ្លូវបេតុងនៅក្នុងទីលាន ជាង ១,០០០ម៉ែត្រ សាងសង់ច្រកចូល និងរបងមានអាគារការិយាល័យ និងអគារស្នាក់នៅកម្ពស់ ២ជាន់ កន្លែងថ្លឹងរថយន្ត អាគារសម្រាប់ញែកសំរាម អាគាររោងជាង អាគារស្តុកទុកកាកសំណល់ដែលគ្រោះថ្នាក់បណ្ដោះអាសន្ន អាគារផ្គត់ផ្គង់ថាមពលអគ្គិសនី និងទឹក កន្លែងលាងសម្អាតរថយន្ត អាគារសម្រាប់ធ្វើជាកំប៉ុស រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ និងដាក់ប្រព័ន្ធសូឡាថាមពលអគ្គិសនីព្រះអាទិត្យផងដែរ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី




















