Wednesday, September 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលបាននិងកំពុងគិតគូរដាក់ចេញនូវវិធានការអន្តរាគមន៍ជាកញ្ចប់ ឱ្យចំគោលដៅ និងទាន់ពេលវេលាជាបន្តបន្ទាប់ ដល់ក្រុមគ្រួសាររងគ្រោះដោយសារបញ្ហាជម្លោះតាម ព្រំដែនគោកកម្ពុជា-ថៃ

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំ (Wrap-up Meeting) ដើម្បីបូកសរុប «លទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៃកម្ពុជាសម្រាប់ឆ្នាំ ២០២៥» ជាមួយក្រុមជំនាញការបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម, និងមានការចូលរួមពីលោក Jochen M. Schmittmann តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំតំបន់នៅ កម្ពុជា, ឡាវ និងវៀតណាម ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន និងសហការីពាក់ព័ន្ធ, នារសៀលថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

លោក Kenichiro Kashiwase, ប្រធានក្រុមបេសកកម្ម, បានជម្រាបជូនពីលទ្ធផលនៃការវាយតម្ល លើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថា, កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករនឹងសម្រេចបានក្នុង រង្វង់ ៤,៨% ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពពាណិជ្ជកម្មសកល, ការអនុវត្ត អត្រាពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ស្របពេលដែលមានស្ថានភាពតានតឹងនៅតាមបណ្ដោយព្រំដែន គោក កម្ពុជា-ថៃ ។ យ៉ាងណាមិញ, ផ្អែកតាមការវាយតម្លៃរបស់ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ, បើទោះបីជា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានៅបន្តរក្សានូវភាពធន់ និងរក្សាចលនការកំណើនក្នុងឆ្នាំ ២០២៥ និងរយៈពេល មធ្យមខាងមុខ, កម្ពុជានៅបន្តប្រឈមនឹងហានិភ័យចម្បងមួយចំនួន រួមមាន៖ ១)-ការបន្តកំណើនយឺតនៃសេដ្ឋកិច្ច សកល, ២)-ការថមថយនៃហិរញ្ញប្បទានដែលមានកម្រិតសម្បទានខ្ពស់, ៣)-ភាពតានតឹងនៃជម្លោះព្រំដែនគោក កម្ពុជា-ថៃ ដែលប៉ះពាល់ដល់ចរន្តពាណិជ្ជកម្ម, និង ៤)-ការកើនឡើងនៃសម្ពាធបំណុលក្នុងវិស័យហិរញ្ញវត្ថុ ជាដើម ។

ជាមួយគ្នា, លោកប្រធានក្រុមបេសកកម្ម បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានឹងបន្តចលនការក្នុងគន្លងនៃ កំណើនរឹងមាំសម្រាប់រយៈពេលមធ្យមខាងមុខ ប៉ុន្តែគឺចាំបាច់ត្រូវជំរុញការអនុវត្តការងារកែទម្រង់ និងគោលនយោបាយមុតស្រួច ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ។ ក្នុងនោះ, ការកៀរគរចំណូលនៅតែបន្ត ជាអាទិភាព ក្នុងការបង្កើនឡើងវិញនូវទ្រនាប់ថវិកាជាតិ ស្របពេលដែលរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះមុខ និងការបន្តលើកកម្ពស់ផលិតភាព និងសមត្ថភាពពលកម្ម, ការបង្កើនភាពប្រកួតប្រជែង, ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយចម្រុះ (mixed policy) រវាងគោលនយោបាយសារពើពន្ធ, គោលនយោបាយរូបិយវត្ថុ, និងការកែទម្រង់ជារចនាសម្ព័ន្ធ ។

ជាមួយនឹងការថ្លែងអំណរគុណ និងការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការវាយតម្លៃរបស់ក្រុមជំនាញការបេសកកម្ម Article IV, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានធ្វើការកត់សម្គាល់ពីសង្គតិភាពនៃនិន្នាការកំណើន (growth trend) និងការវាយតម្លៃកំណើនតាមវិស័យសំខាន់ៗក្នុងឆ្នាំ ២០២៥ បើទោះជាទំហំ (magnitude) និងការរំពឹងទុកសម្រាប់រយៈពេលខាងមុខនៅមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ ។

ទន្ទឹមនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងគិតគូរដាក់ចេញនូវវិធានការអន្តរាគមន៍ជាកញ្ចប់ ឱ្យចំគោលដៅ និងទាន់ពេលវេលាជាបន្តបន្ទាប់ ពិសេសដល់ក្រុមគ្រួសាររងគ្រោះដោយសារបញ្ហាជម្លោះតាម ព្រំដែនគោកកម្ពុជា-ថៃ និងបងប្អូនពលករដែលវិលត្រឡប់មកមាតុភូមិវិញ ព្រមទាំងបន្តដោះស្រាយនូវបញ្ហាជា រចនាសម្ព័ន្ធដូចជាការបង្កើនផលិតភាព, ការលើកកម្ពស់សមត្ថភាពពលកម្ម, ការពង្រឹងអភិបាលកិច្ច, ការបង្កើន បរិយាកាសទាក់ទាញវិនិយោគ និងការធ្វើពិពិធកម្មទីផ្សារនាំចេញ សំដៅប្រែក្លាយបញ្ហាប្រឈមដែលកម្ពុជា កំពុងជួបប្រទះទៅជាកាលានុវត្តភាពក្នុងការជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ និងវាយតម្លៃខ្ពស់ជាថ្មីម្តងទៀត ចំពោះក្រុមជំនាញការបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានផ្ដល់ នូវអនុសាសន៍ល្អៗ សម្រាប់កម្ពុជាក្នុងការបន្តដំណើរលើមាគ៌ានៃកំណើនប្រកបដោយភាពធន់ បរិយាបន្ន និង ចីរភាព ក្នុងរយៈពេលមធ្យម និងរយៈពេលវែង ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×