ភ្នំពេញ៖ ក្រុមផលិតកម្មទុរេនខ្មែរ បានជួបជុំគ្នាជាមួយកសិករដាំទុរេនដែលមកពីបណ្តាខេត្តផ្សេងៗគ្នា ក្នុងសិក្ខាសាលាស្តីពីផលិតកម្មទុរេនរដូវកាល ឆ្នាំ ២០២៤-២០២៥ និងការប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គស្តីពីបច្ចេកទេសផលិតកម្មទុរេន ដើម្បីពង្រឹងការដាំដុះឲ្យស្របទៅតាមស្តង់ដារត្រឹមត្រូវ និងមានគុណភាពខ្ពស់ ដើម្បីឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស ជាពិសេសប្រទេសចិន។

លោក ហេង ឆេងលី សមាជិកក្នុងក្រុមអ្នកផលិតទុរេនខ្មែរ បានជម្រុញឲ្យកសិករផលិតទុរេននៅស្រុកខ្មែរ ត្រូវតែពង្រឹងសមត្ថភាពការផលិតទុរេនឲ្យមានគុណភាពខ្ពស់ តាមស្តង់ដារត្រឹមត្រូវ និងបំពេញតម្រូវការនាំចេញ ក្រៅពីបម្រើតម្រូវការក្នុងស្រុកក្នុងការធានាថា ទុរេនខ្មែរ មានគុណភាពខ្ពស់ស្របទៅតាមស្តង់ដារផលិតផលនាំចេញក្រៅប្រទេស ខណៈពេលបច្ចុប្បន្ន ការហូរចូលទុរេនរបស់បរទេសមានបរិមាណច្រើន។

លោក ហេង ឆេងលី សង្ឃឹមយ៉ាងមុតមាំថា ក្រុមអ្នកផលិតទុរេនខ្មែរ ដែលបានទទួលការបណ្តុះបណ្តាលបច្ចេកទេសផលិតទុរេនយ៉ាងត្រឹមត្រូវ និងបន្តបង្កើតកម្មវិធីជួបជុំនេះ នឹងបន្តទៅឆ្នាំខាងមុខទៀត ដើម្បីបន្តង្រឹងសមត្ថភាពនិងទទួលបានព័ត៌មានពីស្ថានភាពផលិត និងមានព័ត៌មាទីផ្សារផងដែរ។

ជាមួយគ្នានេះ លោក ប៊ុន នាង ជាអ្នកជំនាញបច្ចេកទេសដំណាំហូបផ្លែ និងជាកសិករដាំទុរេននៅខេត្តបាត់ដំបង បានមានប្រសាសន៍ថា ទិសដៅអនាគត ក្រុមផលិតកម្មទុនខ្មែរមិនត្រឹមតែផលិតសម្រាប់បម្រើតម្រូវការនៅក្នុងស្រុកប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងនឹងផលិតសម្រាប់បម្រើតម្រូវការនាំចេញផងដែរ។ យើងសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ការដាំដុះទុរេនចេះតែកើនតែច្រើនឡើងៗ ដូច្នេះយើងត្រូវពង្រឹងការដាំដុះ និងពង្រឹងគុណភាពបច្ចេកទេស។

លោក ប៊ុន នាង បន្ថែមថា ការដាំដំណាំទុរេននៅកម្ពុជា នាពេលបច្ចុប្បន្ន កំពុងតែពេញនិយម ដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើនបានគាំទ្រទៅលើគុណភាព និងសុវត្ថិភាពរបស់ផលិតផលទុរេនកម្ពុជា។ ម៉្យាងទៀត តម្លៃទុរេនក្នុងស្រុកគឺខ្ពស់ជាងទុរេននាំចូល ហើយមិនមានបញ្ហាទីផ្សារដោយសារមានតម្រូវការខ្ពស់។ ដំណាំទុរេន បានលើកកំពស់កំរិតជីវភាពប្រជាកសិករមួយកំរិត ហើយក្នុងពេលដំណាលគ្នានោះ គឺជាការសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា បន្តពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីអោយទុរេនខ្មែរឆាប់បាននាំចេញនិងបង្ហាញមុខនៅទីផ្សារបរទេស ជាពិសេសប្រទេសចិន។

គួរបញ្ជាក់ថា ដំណាំទុរេនគឺជាដំណាំដែលមានសក្កានុពលផ្នែកសេដ្ឋកិច្ចខ្ពស់ និងជាប្រភេទផ្លែឈើហូបផ្លែដ៏ពេញនិយមមួយរបស់ប្រជាជនកម្ពុជា និងនៅបរទេស ជាពិសេសប្រទេសចិននៅដែលជាទីផ្សារដ៏ធំ។ ទោះបីជាមិនទាន់មានទិន្នន័យជាក់លាក់លើផ្ទៃដីដាំដុះ តែគេសង្កេតឃើញថា ដំណាំទុរេនត្រូវបានដាំដុះស្ទើរពាសពេញផ្ទៃប្រទេស ជាពិសេសនៅតាមបណ្តាខេត្តមួយចំនួន ដូចជា កំពង់ចាម កំពត ត្បូងឃ្មុំ រតនៈគិរី បាត់ដំបង ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង ជាដើម៕

