ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ជិត ១៧ម៉ឺនកន្លែង ហើយបើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគនេះ មានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកត់សម្គាល់ថា ការវិនិយោគតាមវិស័យសំខាន់ៗ ត្រូវបាននាំមុខដោយវិស័យឧស្សាហកម្មប្រមាណ ១៨៤៣លានដុល្លារអាម៉េរិក ស្មើនឹង ៥៦,៥៩%, ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ប្រមាណ ៧៥៣លានដុល្លារអាម៉េរិក ស្មើនឹង ២៣,១១%, វិស័យទេសចរណ៍ ប្រមាណ ៥៨៨,៩លានដុល្លារអាម៉េរិក ស្មើនឹង ១៨,០៧% និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ប្រមាណ ៧២លានដុល្លារអាម៉េរិក ស្មើនឹង ២,២១%។

គម្រោងវិនិយោគដែលមានភាពលេចធ្លោដែលមានទុនចាប់ពី ១០០លានដុល្លារអាម៉េរិកឡើងទៅ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ រួមមាន៖ ១. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ២៨៧០បន្ទប់ និងមជ្ឈមណ្ឌល ពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុន វិនិយោគប្រមាណ ៥៧៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៨៦០កន្លែង។

២. គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០ MW តាមរូបភាព Build- Operate-Transfer (BOT) ដែលមានទីតាំងស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងទុនវិនិ យោគប្រមាណជាង ៤៤០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង
៣. គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលមាន ទីតាំងស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគ ប្រមាណជាង ១០៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១១៥កន្លែង។

៤. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ មានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណជាង ១០៧លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤កន្លែង។
៥. គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសម្បកកង់រថយន្ត ដែលមានទីតាំងស្ថិត នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង លើកទី១ ក្នុងទុនវិនិយោគ បន្ថែមប្រមាណជាង ២១២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ៦៥៥កន្លែង និងលើកទី២ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង ១០៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ៥៤២កន្លែង៕