Thursday, February 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបណ្តុះអាជីវកម្មលើវិស័យកែច្នៃអាហារកសិ-ម្ហូបអាហារ ជម្រុញឲ្យយុវជនក្លាយជាសហគ្រិនភាពរបស់ជាតិ រួមចំណែកអភិវឌ្ឍវិស័យសេដ្ឋកិច្ច ឆ្លើយតបតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្លាយជាប្រទេសអភិវឌ្ឍន៍

ឧស្សាហកម្មម្ហូបអាហារ គឺជាដំណើរការវត្ថុធាតុដើមកសិកម្ម និងផលិតផលិតផល ដែលមានសុខភាពល្អ និងមានគុណភាព។ នៅក្នុងវិស័យនេះ មានចំណុចជាច្រើន ដែលចាប់តាំងពីការផ្គត់ផ្គង់វត្ថុធាតុដើម រហូតដល់ការប្រើប្រាស់ដែលមានបណ្តាញវេចខ្ចប់ និងចែកចាយជាដើម។ ខ្សែសង្វាក់ម្ហូបអាហារ គឺជាទំរង់ដ៏សំខាន់ ដែលមានតួអង្គ ដូចជា កសិករ ក្រុមហ៊ុនផ្គត់ផ្គង់ ក្រុមហ៊ុនដឹកជញ្ជូន អ្នកលក់រាយ និងអ្នកប្រើប្រាស់ជាដើម។

ដើម្បីក្លាយជាសហគ្រិនភាពរបស់ជាតិ គឺត្រូវតែបង្កើនធនធាន និងសមត្ថភាពប្រកបដោយគុណភាពខ្ពស់ តាមរយៈការបណ្តុះអាជីវកម្មលើវិស័យកែច្នៃអាហារកសិ-ម្ហូបអាហារ ដែលកក្តានេះ នឹងជម្រុញដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន ក៏ដូចជាឆ្លើយតបតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្លាយជាប្រទេសអភិវឌ្ឍន៍ ។

កម្មវិធីថ្នាលបណ្តុះអាជីវកម្មលើវិស័យកែច្នៃអាហារកសិ-ម្ហូបអាហារ ហៅថា “ហត្ថានិស្សិត” ត្រូវបានរៀបចំធ្វើឡើងនៅសាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីជម្រុញ និងលើកទឹកចិត្តដល់សិស្សនិស្សិត ក៏ដូចជាយុវជន យុវនារី មានឱកាសពង្រឹងសមត្ថភាព ដើម្បីលើកកម្ពស់ និងអភិវឌ្ឍន៍ផលិតកម្មកែច្នៃអាហារនៅកម្ពុជា តាមរយៈការផ្តល់ឱកាសដ៏មានតម្លៃ ដើម្បីក្លាយជាសហគ្រិន និងនិស្សិតកែច្នៃអាហារផលិតផលកសិផលផ្សេងៗទៅជាអាហារបំពេញតម្រូវការមនុស្សបច្ចុប្បន្ន និងតទៅពេលអនាគត មិនតែប៉ុណ្ណោះកម្មវិធីមួយនេះ គឺពិតជាមានសារសំខាន់យ៉ាងខ្លាំង ដើម្បីបង្កើន និងពង្រីកសក្តានុពលស្រាវជ្រាវផ្សារភ្ជាប់ជាមួយកម្មវិធីសិក្សាថ្មីរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ថែមទៀតផង ។

លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានឲ្យដឹងថា កម្មវិធីមួយនេះ បានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការសម្រេចបាននូវចក្ខុវិស័យនៃកម្មវិធីអប់រំជំនាញកែច្នៃអាហារ ដែលបានកំណត់ ក្នុងនោះនិស្សិតដែលក្រោយពេលបញ្ចប់ការសិក្សាបរិញ្ញាបត្រនេះទៅ នឹងក្លាយជាអ្នកស្រាវជ្រាវ ជាមន្ត្រីជំនាញតាមវិស័យនានា និងជាពិសេសភាពជាសហគ្រិនភាព។

បើតាមការគូសបញ្ជាក់របស់លោក សុខ ឃន លោកបានស្នើដល់សហគ្រិនខ្មែរ សូមជួយបន្តកិច្ចសហការកម្មវិធីនេះឲ្យមានជាប្រចាំសម្រាប់ការកសាងសមត្ថភាពនិស្សិត ឲ្យកាន់តែមានសក្តានុពល ក្នុងការបំពេញតម្រូវការរបស់សង្គម និងប្រទេសជាតិទាំងមូល​៕