ភ្នំពេញ៖ ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក កំពុងស្ថិតក្នុងភាពស្មុគស្មាញយ៉ាងណាក៏ដោយ ប៉ុន្តែកម្ពុជា បានបង្ហាញភាពលេចធ្លោក្នុងការទាក់ទាញលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយមានអត្រាកំណើនដ៏ខ្ពស់មួយក្នុងពិភពលោក បន្ទាប់ពីប្រទេសនេះ សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ចមួយចំនួន និងផ្គួបផ្សំប្រសិទ្ធភាពនៃការដាក់ចេញគោលនយោបាយផងដែរ។

យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឲ្យដឹងថា ប្រទេសកម្ពុជា បានទាក់ទាញលំហូរទុនវិនិយោគផ្ទាល់ពីបរទេស ក្នុងទំហំទឹកប្រាក់ ១.៥៩៥លានដុល្លារអាម៉េរិក នៅឆមាសទី ១ឆ្នាំ ២០២៤ ដែលស្មើនឹង ៤៩,៨៥ភាគរយ នៃទំហំវិនិយោគសរុបចំនួន ៣,២ពាន់លានដុល្លារអាម៉េរិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ចបារាំង-កម្ពុជាលើក ទី២ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជា សម្រេចបានសន្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័ត គម្រោងវិនិយោគសរុបចំនួន ១៩០ ដែលមានតម្លៃ ៣,២ពាន់លានដុល្លារអាម៉េរិក កើនឡើង៣ ដង បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។

សម្តេចធិបតី បានគូសបញ្ជាក់ថា ជាមួយនឹងការដាក់បញ្ចូលទៅក្នុងបញ្ជីតាមដានគោលដៅ FDI ដែលលេចធ្លោ ឆ្នាំ ២០២៤ របស់ Financial Times កម្ពុជា ជាប់ចំណាត់ថ្នាក់ខ្ពស់ ក្នុងចំណោមគោលដៅវិនិយោគកំពូលទាំង ៥០ របស់ពិភពលោក ដែលការណ៍នេះ បានបង្ហាញកាន់តែច្បាស់ពីភាពទាក់ទាញរបស់កម្ពុជា ដល់វិនិយោគិនសកល។

ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤នេះ លំហូរវិនិយោគផ្ទាល់ពីបរទេស FDI នៅកម្ពុជា មានប្រភពមកពី ១២ប្រទេស ក្នុងនោះប្រទេសចិន ឈរនៅចំណាត់ថ្នាក់ទី១ ដែលមានទុនវិនិយោគ ១៣៦៤,៤៨ លានដុល្លារអាមេរិច បន្ទាប់មក មានដូចជា សិង្ហបុរី ៩៣,១២ លានដុល្លារអាមេរិច, វៀតណាម ៥៩,២លានដុល្លារ, ឥណ្ឌា ១៧,៩២ លានដុល្លារ, កូរ៉េខាងត្បូង ១៥,៦៨លានដុល្លារ, សីស្ហែល ១២,១៦លានដុល្លារ, សហរដ្ឋអាមេរិច ១១,២លានដុល្លារ, ម៉ាឡេស៊ី ៦,០៨លានដុល្លារ, អូស្ត្រាលី ៥,៧៦លានដុល្លារ, សេណេហ្គាល់ ៤,៨លានដុល្លារ, កាណាដា ៣,៨៤លានដុល្លារ និងជប៉ុន ១,២៨លានដុល្លារ៕

