ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមូលនិធិជប៉ុន ការិយាល័យទំនាក់ទំនងភ្នំពេញ នឹងរៀបចំនូវព្រឹត្តិការណ៍ពិធីបុណ្យផ្កាយ (តាណាបាតា) ឆ្នាំ២០២៤ នៅថ្ងៃទី១២-១៤ ខែកក្កដា នៅCJCC។ ពិធីបុណ្យផ្កាយនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពី ឆ្នាំ២០០៤មក ក្នុងគោលបំណង បន្តជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជា។

លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី បានអំពាវនាវដល់សាធារណជន ចូលរួមអបអរសាទរពិធីបុណ្យផ្កាយ (តាណាបាតា) ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ឲ្យបានច្រើនកោះករដែលនឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ផ្តើមធ្វើពីថ្ងៃទី១២ ដល់ ១៤ ខែកក្កដា នាពេលខាងមុខនេះ។

បើតាមលោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុការចូលរួមសប្បាយរីករាយនេះ លោកអ្នកនឹងទទួលបានបទពិសោធផ្សេងៗទាក់ទងនឹងវប្បធម៌ជប៉ុនផងដែរ។

ជាមួយគ្នានេះ លោកស្ថានទូតជប៉ុន បានបញ្ជាក់ផងដែរថា ក្រៅពីកម្មវិធីខាងលើ ក៏មានសិក្ខាសាលាវប្បធម៌នានា ព្រមទាំងការសម្តែងរបស់សិល្បករជប៉ុន និងកម្ពុជា។ អ្នកចូលរួម នឹងទទួលយកនូវបទពិសោធនៃទំនៀមទម្លាប់ក្នុងពិធីបុណ្យនេះ ដូចជា ការសរសេរ បំណងប្រាថ្នាលើចម្រៀកក្រដាសពណ៌ ហើយចងព្យួរនឹងមែកឫស្សី។ យើងសង្ឃឹមយ៉ាងមុតមាំថា ប្រជាជនមកពីទូទាំងប្រទេសកម្ពុជា នឹងចូលរួមពិធីនេះ និងប្រារព្ធពិធីនេះជាមួយគ្នា។

គួរបញ្ជាក់ថា ពិធីបុណ្យផ្កាយ ឬតាណាបាតា គឺជាកម្មវិធីបុណ្យប្រពៃណីជប៉ុន ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី៧ ខែ កក្កដា ជារៀងរាល់ឆ្នាំនៅប្រទេសជប៉ុន ដើម្បីរំឭកដល់ដំណើររឿងរបស់គូស្នេហ៍នៅលើឋានសួគ៌មួយគូ គឺនារី តម្បាញ (អូរិហ៊ីមិ) និងបុរសគង្វាលគោ (ហ៊ីកុបុស្កិ)។ តាមតំណាលរឿង គូស្នេហ៍មួយគូនេះ ត្រូវបានបំបែកដោយ ទន្លេអាម៉ាណូហ្គាវ៉ា ហើយអាចជួបគ្នាបានតែម្តងគត់ក្នុងមួយឆ្នាំគឺនៅថ្ងៃទី៧ ខែកក្កដា។ ដូច្នេះនៅក្នុងថ្ងៃនោះ ប្រជាជនជប៉ុននាំគ្នាសរសេរបំណងប្រាថ្នារបស់ខ្លួនលើចម្រៀកក្រដាស ហើយចងព្យួរទៅនឹងមែកឫស្សីដើម្បី បួងសួងឱ្យបានសម្រេចតាមអ្វីដែលខ្លួនប៉ងប្រាថ្នា៕

