Thursday, February 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យ៉ាងហោចណាស់កម្មករប្រមាណ ២០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ពេលចេញពីរោងចក្រទៅផ្ទះ

ខេត្តកំពង់ស្ពឺ៖ កម្មករ កម្មការិនីប្រមាណ ២០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ពេលចេញពីរោងចក្រឆ្ពោះទៅផ្ទះ កាលពីនៅវេលាម៉ោង ២០:៥៥នាទីយប់ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-៤២ នៅចំណុចភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយន្តដឹកកម្មករ ដែលជួបឧបទ្ទវហេតុមានម៉ាក Hyundai Mighty ពណ៌ស សេរីឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ 3E-1302 បើកបរដោយឈ្មោះ ពិន រុន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រៃក្ដួច ឃុំត្រពាំងញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានបុកជាមួយរថយន្តមួយគ្រឿងផ្សេងទៀតក្នុងទិសដៅផ្ទុយដែលមានម៉ាក SSONG YONG ACTYON ពណ៌ស សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ 2BH-8660 បើកបរដោយឈ្មោះ យឹម មុតថា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។

សមត្ថកិច្ច បានបន្តថា សម្តីកម្មការិនីដែលជិះលើរថយន្ត បានលើកឡើងថា រថយន្ត SSONG YONG ACTYON បើករេចុះឡើង រួចក៏មកបុកពេញទំហឹងជាមួយរថយន្តដែលខ្លួនកំពុងជិះ បណ្តាលឱ្យក្រឡាប់ចាក់កម្មករមកលើដីរងរបួសធ្ងន់ស្រាលតែម្តង។ កម្មករដែលបានរងរបួសមាន ៦នាក់ធ្ងន់ ក្នុងនោះ៤នាក់ កំពុងពិនិត្យនិងសង្គ្រោះបឋមនៅពេទ្យបង្អែកស្រុកគងពិសី និងម្នាក់ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ (តៃកុងឡានដឹកកម្មករ) និងម្នាក់ទៀតសម្រាកព្យាបាលនៅពេទ្យផ្សារស្លាបលែង(អ្នកបើកបរឡាន SSONG YONG ACTYON)។រីឯ ២០នាក់ របួសស្រាល ត្រូវបានចេញទៅព្យាបាលនៅតាមគ្លីនិកជិតៗកន្លែងកើតហតុ ហើយមកដល់ម៉ោង ១១យប់នេះ បានចេញទៅផ្ទះជាបណ្តើរៗហើយ។

ក្រោយទទួលបានព័ត៌មានពីគ្រោះថ្នាក់ចរាចរលើកម្មករ កម្មការិនី អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានដឹកនាំក្រុមការងារចុះជួប និងសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកជំងឺដោយផ្ទាល់នៅឯមន្ទីរពេទ្យបង្អែកស្រុកគងពិសី និងបានក្រើនរំឭកដល់មន្ត្រីពេទ្យឱ្យយកចិត្តទុកដាក់ក្នុងការព្យាបាលដល់ជនរងគ្រោះ ធ្វើយ៉ាងណាឱ្យការព្យាបាលទទួលបានប្រសិទ្ធិភាព និងឆាប់បានជាសះស្បើយ៕