កំពង់ឆ្នាំង៖ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ដែលមានទីតាំងស្ថិតនៅក្នុងភូមិកោះខ្ទុម្ភ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជារមណីយដ្ឋានដែលមានភ្ញៀវទេសចរមកលេងច្រើនជាងគេ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤នេះ ដោយខេត្តកំពង់ឆ្នាំង នៅតែរក្សាបានចំនួនភ្ញៀវទេសចរ មកលេងនៅតាមរមណីយដ្ឋាន និងទីកន្លែងកម្សាន្តនានាជាធម្មតា។

បើតាមលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រមណីយដ្ឋាន ដែលមានភ្ញៀវទេសចរមកលេងច្រើនជាងគេ គឺនៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ដែលមានទីតាំងស្ថិតនៅភូមិកោះខ្ទុម្ភ ឃុំជៀប ស្រុកទឹកផុសនិងរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងរូបនេះ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរមកលេងខេត្តកំពង់ឆ្នាំង បានកើនដល់ទៅ១លាន ៤សែននាក់ ក្នុងនោះ ភ្ញៀវបរទេសមានចំនួន ១ម៉ឺន៣ពាន់នាក់។ ចំនួននេះ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣កន្លងទៅ គឺមានការកើនឡើងជាង ៥០ម៉ឺននាក់ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា កត្តាដែលជំរុញឲ្យមានកំណើនភ្ញៀវទេសចរមកលេងនៅខេត្តកំពង់ឆ្នាំង មានចំនួនច្រើនជាងមុនដូជនេះ ដោយសារផ្លូវធ្វើដំណើរងាយស្រួល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែមបានល្អ មានការទាក់ទាញ ការលក់ម្ហូបអាហារ និងនំចំណីផ្សេង មានអនាម័យ និងតម្លៃសមរម្យជាដើម៕

