Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី១.៥លាន៖សិក្ខាកាមរីករាយនិងពេញចិត្តចំពោះការសិក្សាជំនាញដែលមានទាំងទ្រឹស្តី និងអនុវត្តន៍ផ្ទាល់ភ្លាមៗដើម្បីបានជំនាញមួយដោយពិតប្រាកដ

ភ្នំពេញ៖សិក្ខាកាមកំពុងសិក្សាក្នុង«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» បានបង្ហាញការសប្បាយចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលព្រោះ គ្រូបង្រៀនមានការយកចិត្តទុកដាក់ខ្ពស់ ធ្វើឱ្យសិស្សមានទំនុកចិត្ត រៀនឆាប់ចេះ ដោយសារសាលាមានឧបករណ៍បច្ចេកទេសទំនើបគ្រប់គ្រាន់រៀនភ្លាមអនុវត្តន៍ផ្ទាល់ភ្លាមៗ។

កញ្ញា សៅ យ៉ារ៉េត ជាសិក្ខាកាមផ្នែករចនាក្រាហ្វិចដោយកុំព្យូទ័រនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) បានបង្ហាញពីក្តីសប្បាយរីករាយដែលមានចូលរៀននៅក្នុងសាលាដែលមានគ្រូបង្រៀនយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ហាត់បង្ហាញ ជាពិសេស សាលាមានបំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប សម្បូរបែបសម្រាប់ ដាក់ឱ្យសិស្សរៀនទ្រឹស្តីផង អវត្តន៍ជាក់ស្តែងផង។

កញ្ញាថា «ការបង្រៀនជាក់ស្តែងសម្រាប់ខ្ញុំផ្ទាល់គឺដូចចាប់ផ្តើមពីសូន្យមក ប៉ុន្តែលោកគ្រូអ្នកគ្រូគាត់បង្រៀនណែនាំយកចិត្តទុកដាក់តាមដំណាក់កាលនិមួយៗមិនឱ្យសិស្សភ័យខ្លាច ហើយមុននឹងអនុវត្តន៍លោកគ្រូបង្រៀនពីទ្រឹស្តី ហើយរៀនបណ្តើរអនុវត្តន៍បណ្តើរធ្វើឱ្យសិស្សឆាប់ចេះ»

ស្រដៀងគ្នានេះ អ្នកស្រី គង់ ស៊ីផា ជាសិក្ខាកាមជំនាញធ្វើនំនៅ វិទ្យាស្ថានជាតិសហគ្រិនភាព និងនុវានុវត្តន៍ (NIEI) និយាយថា ដំបូងឡើយអ្នកស្រីគិតថា រៀនមិនអស់ប្រាក់បែបនេះ ប្រហែលជាគ្រូបង្រៀនមិនដឹកដល់នោះទេ ប៉ុន្តែផ្ទុយទៅវិញ តាមរយៈបទពិសោធន៍ជាក់ស្តែង មិននឹកស្មានថាអ្នកស្រីឆាប់ចាប់បាន ឆាប់យល់ ហើយបរិយាកាសសិក្សាប្រកបដោយផាសុខភាពទៀតផង ជាពិសេសគឺសាលាមានឧបករណ៍ទំនើបគ្រប់គ្រាន់ដាក់ឱ្យអនុវត្តន៍ជាក់ស្តែង។

អ្នកស្រីថា «ការរៀនជាក់ស្តែងគឺលោកគ្រូអ្នកគ្រូបង្រៀនបានល្អ ហើយសិស្សក៏យកចិត្តទុកដាក់រៀន ហើយឧបករណ៍ក៏មានគ្រប់គ្រាន់ ជាពិសេសគឺអនាម័យល្អ អនុវត្តន៍ជាក់ស្តែងរៀនបណ្តើរអនុវត្តន៍បណ្តើរឆាប់ចេះ។»

បន្ថែមលើកសិក្ខាកាមទាំង២ បានអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត ដែលមិនទាន់មានជំនាញច្បាស់លាស់ ជាពិសេសគ្រួសារក្រីក្រ និងងាយរងហានិភ័យ អាចមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសឱ្យបានគ្រប់គ្នា ដែលការរៀនជំនាញនេះមិនគិតពីអាយុ មិនអស់លុយហើយថែមទាំងបានប្រាក់ឧបត្ថម្ភបន្ថែមទៀត។

តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ មានសិស្សកំពុងសិក្សាក្នុងវិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ទាំងកម្មវិធី ១.៥លាននាក់ និងកម្មវិធីទូទៅសរុបចំនួន ៧៤ ៨៧៣នាក់៕

×