ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដើម្បីជួយលើកកម្ពស់បរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការឈោងទៅចាប់យកនូវបច្ចេកវិទ្យាថ្មីៗ ស្របនឹងនិន្នាការតំបន់ និងពិភពលោក ដែលកំពុងតម្រង់ទិសទៅរកឧស្សាហកម្មបៃតង។

រាជរដ្ឋាភិបាល បានកំណត់គោលដៅចុះបញ្ជីយានយន្តអគ្គិសនីឲ្យបានជិត ៨០ម៉ឺនគ្រឿង នៅឆ្នាំ២០៣០ ក្នុងនោះគឺ រថយន្តអគ្គិសនីសុទ្ធចំនួន ៣ម៉ឺនគ្រឿង (រថយន្តទេសចរណ៍ អគ្គិសនីសុទ្ធ មានចំនួន ២៥០០០គ្រឿង និងរថយន្តអគ្គិសនីសុទ្ធបម្រើ ក្នុងសកម្មភាពអាជីវកម្ម ចំនួន ៥០០០គ្រឿង), ទោចក្រយានយន្តអគ្គិសនីសុទ្ធសរុប ចំនួន ៧២ម៉ឺនរឿង និងត្រីចក្រយានយន្តអគ្គិសនីសុទ្ធសរុប ចំនួន ២ម៉ឺនគ្រឿង។

នៅក្នុងគោលនយោបាយជាតិពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ តើកម្ពុជា នឹងសម្រេចបានបែបណា ក្នុងការកំណត់គោលដៅ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឲ្យបានជិត ៨០ម៉ឺនគ្រឿង នៅឆ្នាំ២០៣០ខាងមុខនេះ ខណៈបច្ចុប្បន្នតួលេខនៃចំនួនយានយន្តអគ្គិសនីប្រើប្រាស់នៅកម្ពុជា មានចំនួនតិចនៅឡើយ បើធៀបនឹងយានយន្តប្រើចំហេះឥន្ធនៈក៏ដោយ ប៉ុន្តែនិន្នាការនៃតម្រូវការប្រើប្រាស់យានយន្តអគ្គិសនី នៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានកំណើនយ៉ាងឆាប់រហ័ស។

ក្នុងចំណោមយានយន្តចំនួន ៧លានគ្រឿង ទោចក្រក្រយានយន្តមានប្រមាណ ៨៥% និងរថយន្តប្រើប្រើប្រាស់ប្រេងឥន្ធនៈមានប្រមាណ ១៥% នៅទូទាំងប្រទេស។ ដោយឡែកយានយន្តអគ្គិសនី ដែលបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែមិថុនា ឆ្នាំ ២០២៤នេះ មានចំនួនសរុប ២៩៦៨គ្រឿង ដោយក្នុងនោះរួមមាន ទោចក្រយានយន្តចំនួន ៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និងរថយន្តចំនួន ១៦១៤គ្រឿង។ រីឯទីតាំងបញ្ចូលថាមពល គិតត្រឹមដើមឆ្នាំ ២០២៤នេះ មានចំនួន ២១កន្លែង ដែលមានទូបញ្ចូលថាមពលអគ្គិសនីលឿនខ្លាំងសរុបចំនួន ២៧គ្រឿង។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការចុះបញ្ជីយានយន្តអគ្គិសនីមានការកើតឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈចំហេះក្នុងដែលជានិន្នាការចាស់។

ឯកឧត្តម បានលើកឡើងទៀតថា ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច មានផាសុកភាព កម្រិតបំពុលក្នុងបរិយាកាសទាប ហើយលើសពីនេះ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិតនៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ។

យោងតាមយោងតាមតួលេខនៃការចុះបញ្ជីយានយន្តអគ្គិសនីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងទៀតថា គិតត្រឹមរយៈពេល ៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYD ឈរលើកំពូលតារាង ដែលមានចំនួន ៦៥៨គ្រឿង យានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាក TESLA ចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត៕