ភ្នំពេញ៖ កម្ពុជា សម្រេចការនាំចេញ មានតម្លៃទឹកប្រាក់ ១២,២៩ពាន់លានដុល្លារអាម៉េរិក កើនឡើង ១២,៦% ក្នុងឆមាសទី ១ឆ្នាំ២០២៤នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកាលនោះ មានប្រមាណ ១០,៩២ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញឈានមុខគេ របស់កម្ពុជា ដែលបានទិញទំនិញពីកម្ពុជា ក្នុងទំហំទឹកប្រាក់ ៤,៤០ពាន់លានដុល្លារអាម៉េរិក កើនឡើង ៣,៩% តាមពីក្រោយដោយប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់ ២,០២ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤១,៨% ខណៈប្រទេសចិន ឈរនៅលេខរៀង ៣ មានចំនួន ៨១៤លានដុល្លារ កើនឡើង ១៤,២% និង ជប៉ុន ទី៤ បានទិញទំនិញពីកម្ពុជា ក្នុងតម្លៃទឹកប្រាក់ ៦២៨លានដុល្លារ កើនឡើង ១៥,៤%។ កំណើននៃការនាំចេញនេះ ជាផ្នែកមួយដែលបានឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

មុខទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន៖ ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ, គ្រឿងបង្គុំ, បរិក្ខាអគ្គិសនី, ម៉ាស៊ីន, គ្រឿងបន្លាស់អេឡិចត្រូនិក, ផលិតផលកសិកម្ម, គ្រឿងសង្ហារឹម, កង់, ប្លាស្ទិក និងគ្រឿងអលង្ការ ជាដើម។

យោងតាមទិន្នន័យខាងលើ បានបង្ហាញទៀតថា ពីខែមករា ដល់ខែមិថុនា ឆ្នាំនេះ កម្ពុជា បាននាំចូលមុខទំនិញនានា មានតម្លៃទឹកប្រាក់សរុប ១៣,៧៩ពាន់លានដុល្លារអាម៉េរិក កើនឡើង ១២,៦% ពីចំនួនទឹកប្រាក់ ១២,២២ពាន់លានដុល្លារអាម៉េរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ផ្អែកតាមទិន្នន័យដដែលបានឲ្យដឹងថា ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់កម្ពុជា ក្នុងរយៈពេល ៦ខែដំបូង ឆ្នាំនេះ ឈានដល់តម្លៃទឹកប្រាក់ ២៦,០៩ពាន់លានដុល្លារអាម៉េរិក កើនឡើង ១២,៧% ពីចំនួនទឹកប្រាក់ ២៣,១៥ពាន់លានដុល្លារអាម៉េរិក បើធៀបនឹងរយៈពលេដូចគ្នាកាលពីឆ្នាំ ២០២៣។
គួរបញ្ជាក់ថា មុខទំនិញដែលកម្ពុជា នាំចូលភាគច្រើន មានដូចជា៖ វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ, ផលិតផលត្បូងចម្រុះ និងគ្រឿងអលង្ការមានតម្លៃ, ប្រេងឥន្ធនៈ, សម្ភារសំណង់, គ្រឿងអេឡិចត្រូនិក, យានយន្ត, គ្រឿងឧបភោគបរិភោគ និងឳសថ និងបរិក្ខាពេទ្យ ជាដើម៕