Saturday, February 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងឧស្សាហកម្ម បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងការបាត់បង់ទឹកលើកទី១ ដើម្បីពង្រឹងសមត្ថភាពរដ្ឋាករទឹកសាធារណៈ

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងការបាត់​បង់​ទឹក​ ដែលរៀបចំឡើងនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧ និង​២៣ ខែកក្កដា ឆ្នាំ២០២៤ និងមានគោល​ដៅពង្រឹង​សមត្ថ​ភាព​រដ្ឋាករទឹកទាំង១១​នៅ​ទូទាំង​ប្រទេស ដើម្បីអនុវត្តការ​គ្រប់គ្រង​ការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយប្រសិទ្ធ​ភាព។

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់ “ទឹក” ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ហើយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាក៏បានកំណត់ថា “ត្រឹមឆ្នាំ​២០៣០ សម្រេចនូវការទទួលបាន​សាកលកម្ម​​ និង​សមធម៌​​នូវទឹក​បរិភោគ​ដែលមាន​សុវត្ថិភាព និងថ្លៃសមរម្យ​សម្រាប់ប្រជាជនទាំងអស់។” ដើម្បី​សម្រេចបាននូវយុទ្ធសាស្ត្រ និងគោលដៅ​ខាងលើ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុង​ខិតខំ​ ពង្រីក​ការផ្គត់ផ្គង់ទឹកស្អាតនៅ​ទូទាំងប្រទេស ដោយប្រើប្រាស់នូវមធ្យោបាយ និងធនធានរបស់ជាតិ និងកិច្ច​​សហប្រតិបត្តិការ​ជាមួយ​ដៃ​គូអភិវឌ្ឍន៍នានា និង​ស្ថាប័ន​ពាក់ព័ន្ធ​ រួមទាំងវិស័យ​ឯកជនផងដែរ។

ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា៖ “វគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃផែនការសកម្មភាព​របស់​ក្រសួង ដើម្បីពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋក្នុងការគ្រប់គ្រង និងដឹកនាំវិស័យទឹកស្អាត តាមរយៈការពង្រឹង​សមត្ថភាព​របស់​រដ្ឋាករទឹក។ ការគ្រប់គ្រងការបាត់បង់ទឹកប្រកបដោយប្រសិទ្ធភាព គឺជាកាតាលីករមួយក្នុងការចូលរួមអនុវត្តលក្ខខណ្ឌ “ថ្លៃសមរម្យ” នៃគោលការណ៍មូលដ្ឋានទាំង៤ នៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត គឺគុណភាព សុវត្ថិភាព និរន្តរភាព​ និងថ្លៃសមរម្យ។​”

នេះជាវគ្គបណ្តុះបណ្តាលលើកទី១ ហើយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍គ្រោង​​​​រៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗ​ទៀត​នា​ពេលខាងមុខ សម្រាប់​​រដ្ឋាករ​ទឹកសាធារណៈ ព្រមទាំង​ប្រតិបត្តិករ​ទឹកស្អាត​ឯកជននៅ​ទូទាំង​ប្រទេស និង​សមាគម​អ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។

តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ មន្ត្រីទទួលបន្ទុក និងរដ្ឋាករទឹកទាំងអស់នឹងទទួលបានការយល់ដឹងអំពីការគ្រប់គ្រងការបាត់បង់ទឹក ចែករំលែកបទពិសោធន៍ និងផ្តល់មតិយោបល់សម្រាប់ក្រសួងធ្វើជាមូលដ្ឋានក្នុងការរៀបចំបទដ្ឋានគតិយុត្ត ស្តីពីការគ្រប់គ្រងការបាត់បង់ទឹក សម្រាប់ជាគោលការណ៍រួមដាក់ឱ្យ អនុវត្តនៅទូទាំងប្រទេស។

សេវាផុ្គត់ផ្គង់ទឹកស្អាតមានសារៈសំខាន់មិនត្រឹមតែសម្រាប់តម្រូវការប្រចាំថ្ងៃប៉ុណ្ណោះទេ តែក៏សម្រាប់ការលើកកម្ពស់​សុខភាពសាធារណៈ និងជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចផ្សេងៗ ដូចជា ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងសហគ្រាសធុនតូច និងមធ្យមផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×