Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ADB លើកកំណើនសេដ្ឋកិច្ច ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីនិងប៉ាស៊ីហ្វិក សម្រាប់ឆ្នាំ ២០២៤

ភ្នំពេញ ៖ បើតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី១៧ កក្កដា ២០២៤ នេះ , ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន បង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកនៅឆ្នាំនេះ ដល់ ៥,០% ពីការព្យាករពីមុន ៤,៩% ដោយសារការកើនឡើងនៃការនាំចេញក្នុងតំបន់ជាមួយនឹងតម្រូវ ការក្នុងស្រុកដែលធន់។ ទស្សនវិស័យកំណើនសម្រាប់ឆ្នាំក្រោយត្រូវបានរក្សានៅ ៤,៩% ។

អតិផរណាត្រូវបានព្យាករថានឹងធ្លាក់ចុះមកនៅត្រឹម ២,៩%នៅឆ្នាំនេះ ខណៈដែលតម្លៃអាហារ ពិភពលោក និងផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់ មានការថមថយ នេះបើយោងតាមរបាយការណ៍ចុង ក្រោយនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) ដែលចេញផ្សាយនៅ ថ្ងៃនេះ។

បន្ទាប់ពីការងើបឡើងវិញក្រោយជំងឺរាតត្បាតដែលជំរុញជាចម្បងដោយតម្រូវការក្នុងស្រុក ការនាំចេញកំពុងស្ទុះងើបឡើងវិញ និងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ តម្រូវការសកលខ្លាំងលើគ្រឿង អេឡិចត្រូនិក ជាពិសេស semiconductors ដែលប្រើសម្រាប់កម្មវិធីបច្ចេកវិទ្យាខ្ពស់ និងបញ្ញាសិប្បនិម្មិត កំពុងជំរុញការនាំចេញនៃប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។
លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា «ភាគច្រើននៃប្រទេសនៅ អាស៊ី និងប៉ាស៊ីហ្វិកកំពុងមើលឃើញកំណើនសេដ្ឋកិច្ចខ្ពស់ជាងកាលពីឆមាសទីពីរនៃឆ្នាំមុន មូលដ្ឋាន គ្រឹះនៃតំបន់នៅតែរឹងមាំ ប៉ុន្តែអ្នកបង្កើតគោលនយោបាយនៅតែត្រូវយកចិត្តទុកដាក់ លើហានិភ័យមួយ ចំនួនដែលអាចប៉ះពាល់ដល់ទស្សនវិស័យនេះ ដែលរួមមានភាពមិនច្បាស់លាស់ទាក់ទងនឹងលទ្ធផលបោះ ឆ្នោតនៅក្នុងប្រទេសសេដ្ឋកិច្ចធំៗ ការសម្រេចលើចិត្តអត្រាការប្រាក់ និង ភាពតានតឹងភូមិសាស្ត្រនយោបាយ។»

ខណៈពេលដែលអតិផរណាកំពុងថយទៅរកកម្រិតមុនមានការរាតត្បាតនៅក្នុងតំបន់ទាំងមូល សម្ពាធតម្លៃនៅតែកើនឡើងនៅក្នុងប្រទេសមួយចំនួន អតិផរណាម្ហូបអាហារនៅតែមានកម្រិតខ្ពស់នៅ អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលមួយផ្នែកដោយសារអាកាសធាតុមិនល្អ និងការរឹតបន្តឹង ការនាំចេញអាហារនៅក្នុងប្រទេសមួយចំនួន។
ការព្យាករកំណើនសម្រាប់សាធារណៈរដ្ឋប្រជាមានិតចិន (PRC) ដែលជាសេដ្ឋកិច្ចធំបំផុតក្នុង តំបន់ត្រូវបានរក្សានៅ ៤,៨% នៅឆ្នាំនេះ។ ការបន្តស្ទុះងើបឡើងវិញនៃការប្រើប្រាស់សេវាកម្ម ព្រមទាំង ការនាំចេញ និងសកម្មភាពឧស្សាហកម្មខ្ពស់ជាងការរំពឹងទុក កំពុងគាំទ្រដល់កំណើន បើទោះបីជាវិស័យ អចលនទ្រព្យរបស់ PRC ដែលកំពុងជួបការលំបាក មិនទាន់មានស្ថិរភាពក៏ដោយ។ រដ្ឋាភិបាលបានដាក់ ចេញវិធានការគោលនយោបាយបន្ថែមក្នុងខែឧសភា ដើម្បីគាំទ្រទីផ្សារអចលនទ្រព្យ។

ទស្សនវិស័យសម្រាប់ប្រទេសឥណ្ឌា ដែលជាសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតក្នុងតំបន់ ក៏មិនផ្លាស់ប្តូរដែរក្នុងអត្រា ៧,០% សម្រាប់ឆ្នាំសារពើពន្ធ ២០២៤។ វិស័យឧស្សាហកម្មរបស់ប្រទេសឥណ្ឌាត្រូវ បានព្យាករថានឹងកើនឡើងខ្លាំង ដែលជំរុញដោយការផលិត និងតម្រូវការខ្ពស់ក្នុងការសាងសង់។ កសិកម្ម ត្រូវបានគេរំពឹងថានឹងងើបឡើងវិញខណៈមានការព្យាករអំពីខ្យល់មូសុងច្រើនជាងធម្មតា ជាមួយតម្រូវការ វិនិយោគនៅតែរឹងមាំ ដែលនាំមុខដោយការវិនិយោគសាធារណៈ។

សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ការព្យាករកំណើនត្រូវបានរក្សានៅកម្រិត ៤,៦%នៅឆ្នាំនេះ ខណៈ មានភាពប្រសើរឡើងយ៉ាងខ្លាំងទាំងតម្រូវការក្នុងស្រុក និងពីខាងក្រៅ ទស្សនវិស័យឆ្នាំនេះសម្រាប់ Caucasus (តំបន់ព្រំដែនរវាងអឺរ៉ុបប៉ែកអាគ្នេយ៍ និងអាស៊ីខាងលិច) និងអាស៊ីកណ្ដាលនឹងកើនឡើងដល់ ៤,៥% ពីការព្យាករពីមុន ៤,៣% ដែលជំរុញខ្លះដោយកំណើនខ្លាំងជាងការរំពឹងទុកនៅ អាស៊ែបៃហ្សង់ និង សាធារណរដ្ឋកៀហ្ស៊ីស៊ី។ នៅតំបន់ប៉ាស៊ីហ្វិក ទស្សនវិស័យសម្រាប់ឆ្នាំ ២០២៤ រក្សាបាននូវ កំណើន ៣,៣% ដែលជំរុញដោយការចំណាយលើវិស័យទេសចរណ៍ និង ហេដ្ឋារចនាសម្ព័ន្ធ រួមជាមួយ នឹង សកម្មភាពរុករករ៉ែដែលសកម្មឡើងវិញនៅក្នុងប្រទេសប៉ាពួញូហ្គីណេ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×