ភ្នំពេញ៖ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានកៅស៊ូនាពេលថ្មីៗនេះ បានឲ្យដឹងថា កម្ពុជា បាននាំចេញ កៅស៊ូស្ងួត ក្នុងទំហំទឹកប្រាក់កើនដល់ ២១៣.៣ លានដុល្លារ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ដោយបានកើនឡើង ៨.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលកាលនោះ មានត្រឹម១៩៦.៣ លានដុល្លារ។

របាយការណ៍នេះ បានគូសបញ្ជាក់ដែរថា កម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន ១៤០,៦៥៣ តោនចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ២០២៤នេះ ដែលឆ្លុះបញ្ចាំងពីការកើនឡើង ១% ពីចំនួន ១៣៩,២២០ តោនដែលបាននាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើតាមរបាយការណ៍ដែលលើកឡើងដោយលោក ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងថា កៅស៊ូស្ងួតមួយតោនមានតម្លៃជាមធ្យម ១,៥១៧ ដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលតម្លៃនេះ លើសតម្លៃជាមធ្យមពីឆ្នាំមុនប្រមាណ ១០៧ ដុល្លារ។

របាយការណ៍ដ៏ដែល គ៏បានកត់សម្គាល់ផងដែរថា កម្ពុជា បានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៧,១៧២ ហិកតា ដែលក្នុងនោះ ៣២០,១៨៤ ហិកតា ស្មើនឹង ៧៨,.៦% ជាដើមកៅស៊ូចាស់គ្រប់គ្រាន់ សម្រាប់ការចៀរទទួលផលបាន។

គួរបញ្ជាក់ថា កម្ពុជានាំចេញកៅស៊ូស្ងួតទៅកាន់ទីផ្សារសំខាន់ៗ រួមមាន៖ ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន ដោយកម្ពុជា កំពុងពង្រឹងជំហររបស់ខ្លួន ក្នុងនាមជាតួអង្គសំខាន់ក្នុងទីផ្សារកៅស៊ូនៅក្នុងតំបន់៕